(កណ្តាល)៖ ដីបឹងសាធារណៈរបស់រដ្ឋ ដែលជាអតីតឡូលេខ១៤ ស្ថិតក្នុងឃុំព្រែកតាទែនស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានអាជ្ញាធរលួចលក់ទៅឲ្យឈ្មួញ ដោយសំអាងលេសថា ធ្វើឡើងតាមសំណូមពររបស់ពលរដ្ឋក្នុងមូលដ្ឋាន។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋវិញ មិនបានដឹងរឿងនេះ ហើយក៏មិនបានយល់ព្រមឲ្យអាជ្ញាធរ លក់ទៅឲ្យឈ្មួញនោះទេ ពីព្រោះអតីតឡូនេះត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចកាត់ឲ្យប្រជាពលរដ្ឋ ដើម្បីបង្កបង្កើនផល និងការធ្វើការនេសាទជាលក្ខណៈគ្រួសារ។
ប្រជាពលរដ្ឋរស់នៅឃុំតាទែន បានប្រាប់ភ្នាក់ងារ Fresh Newsថា «ដីបឹងអតីតឡូលេខ១៤ ដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសកាត់ទុកឲ្យប្រជាពលរដ្ឋ អាស្រ័យផលជាលក្ខណៈគ្រួសារនោះ បច្ចុប្បន្នត្រូវបានឈ្មួញបូមខ្សាច់ ចាក់លុបជារៀងរាល់ថ្ងៃ មិនដឹងថា ទទួលបានការអនុញ្ញតពីអាជ្ញាធរថ្នាក់ណានោះទេ»។
ប្រជាពលរដ្ឋ បានអះអាងថា នៅពេលឈ្មួញចាក់លុបដីបឹងដូច្នេះ អតីតឡូលេខ១៤នេះ នឹងត្រូវបានឈ្មួញគ្រប់គ្រងជាសម្បត្តិឯកជនវិញ ចំណែកពលរដ្ឋ លែងបានប្រកបរបរនេសាទត្រី ជាលក្ខណៈគ្រួសារ ដូចប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តីទៀតឡើយ។ ពិសេសទីតាំងដែលពូកគាត់ ចងគោ រកស្មៅ រកអូសជាដើមនោះ នឹងត្រូវបានគ្រប់គ្រងផ្តាច់មុខដោយក្រុមឈ្មួញ នៅពេលឆាប់ៗខាងមុខជាមិនខាន បើមិនមានវិធានការ និងដកហូតទុកជាសម្បត្តិរដ្ឋវិញទេនោះ។ លោក ញឹម ជេដ្ឋ មេឃុំព្រែកតាទែន បានទទួលស្គាល់ថា អាជ្ញាធរពិតជាបានលក់ដីបឹងសាធារណៈរបស់រដ្ឋនោះ ទៅឲ្យឈ្មួញពិតប្រាកដមែន ប៉ុន្តែលោកមិនបានបង្ហើបឈ្មោះឈ្មួញណាម្នាក់ទេ។
លោកបន្តថា «ការស៊ីញ៉េលក់ដីបឹង ទៅឲ្យឈ្មួញនេះ ធ្វើឡើងទៅតាមសំណូមពរពលរដ្ឋ នៅក្នុងមូលដ្ឋានប៉ុណ្ណោះ បើសិនជាមិនធ្វើតាមប្រជាពលរដ្ឋទេ គឺពួកគាត់ស្អប់អាជ្ញាធរ ហើយអាជ្ញាធរ នឹងបាត់បង់ប្រយោជន៍ ទៅថ្នាក់ដឹកនាំយើងទៀតផង»។
គេមិនអាចសុំការបំភ្លឺពីលោក តុង សៀវម៉ី អភិបាលស្រុកពញាបានទេ ដោយលោកជាប់បេសកកម្មចេញទៅក្រៅប្រទេស។ ជាមួយគ្នានេះ លោក ជ័យ ជី អភិបាលស្តីទីស្រុកពញាឮ ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ ដោយលោកអះអាងថា លោកមិនបានដឹងពីការទិញលក់ដីបឹងនោះទេ ឃើញតែគេចាក់ខ្សាច់លុបជាយូរមកហើយ ហើយក៏មិនដឹងថាជាក្រុមហ៊ុនណាមួយនោះដែរ។
ដោយឡែក លោក វិត ធារិទ្ឋិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានលើកឡើងថា ដីដែលឈ្មួញកំពុងបូមខ្សាច់ចាក់លុបនេះ គឺពិតជាដីអតីតឡូលេខ១៤ប្រាកដមែន ដែលសម្តេចនាយករដ្ឋមន្រ្តី បានកាត់ពីឈ្មួញ មកឲ្យប្រជាពលរដ្ឋ សម្រាប់អាស្រ័យផលជាលក្ខណៈគ្រួសារ។ លោកថា ករណីនេះ នឹងធ្វើឲ្យបាត់បង់ប្រយោជន៍ពលរដ្ឋ ពីការអាស្រ័យផលពីក្នុងបឹង ហើយករណីនេះលោកនឹងស្នើសុំទៅថ្នាក់លើ ដើម្បីសុំវិធានការទប់ស្កាត់ ឬត្រូវដកហូតទុកជាសម្បត្តិរដ្ឋវិញនៅពេលខាងមុខ៕