(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា តំណាងមន្រ្ដីបុគ្គលិកធនាគារជាតិនៃកម្ពុជា បានផ្ញើលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នៅប្រទេសអូស្ត្រាលី ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។
លោក ជា ចាន់តូ បានចាត់ទុកថា មរណភាពរបស់លោកស្រី នាវ ច័ន្ទថាណា គឺជាការបាត់បង់ភរិយាជាទីស្រលាញ់ និងម្តាយជាទីគោរព ព្រមទាំងឥស្សរជនដ៏ឆ្នើមមួយរូប ដែលជានិច្ចកាល តែងតែបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និង ប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជានាពេលកន្លងមក។
លោក ជា ចាន់តូ បានបញ្ជាក់ថា «ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ តាងនាមមន្រ្ដីបុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ និងរូបខ្ញុំផ្ទាល់ សូមចូលរួមរំលែកមរណទុក្ខ និងការសោកស្តាយក្រៃលែងជាមួយក្រុមគ្រួសារនៃសពទាំងអស់ប្រកបដោយសមានទុក្ខជាទីបំផុត។ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ នាវ ច័ន្ទថាណា សូមឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕