(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ បានអញ្ជើញចុះសួរសុខទុកប្រជាពលរដ្ឋ អ៊ុ ពូ មីង បង ប្អូន កូន និងៗក្មួយ នៅឯ ស្រុកកំណើត ដែលស្ថិតនៅភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងអញ្ជើញទៅកន្លែងមួយចំនួនដែល សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ធ្លាប់ស្រក់ទឹក ភ្នែករាប់ លាន ដំណក់ ក្នុងសម័យដ៏ឃោឃៅសែនឈឺចាប់ កាប់សម្លាប់មិនញញើតរបស់ប៉ុលពត ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានធ្វើដំណើរស្ទើរពេញមួយថ្ងៃចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង ៦ម៉ោងល្ងាច តាមរថយន្ត ដើម្បីអញ្ជើញសាកសួរសុខទុក អ៊ុ ពូ មីង បង ប្អូន កូន ក្មួយ នៅឯស្រុកកំណើតដោយផ្ទាល់ ហើយក្នុងគ្រានោះសម្ដេចក៏បានរម្លឹកនាសម័យអតីតកាល ដែលសម្តេចបាន ស្រក់ទឹកភ្នែករាប់លានដំណក់ តែទឹកភ្នែកនេះ ក៏នាំមកនូវការរស់រានមានជីវិត សម្រាប់ប្រជាជននៅទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារសម្តេចផងដែរ ។
សម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត បានថ្លែងរម្លឹកថា «កាលពី៤០ឆ្នាំមុន ជាថ្ងៃដែលសម្តេចរៀបការម្តង១៣គូ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ដែលសម្តេចទាំងពីរ ត្រូវតស៊ូផ្ដួលរំលំរបបផ្តាច់ការប៉ុល ពត ដោយយកជីវិតធ្វើដើមទុនមិនមែនជារឿងសាមញ្ញនោះឡើយ»។
សម្តេចកិត្ដិព្រឹទ្ធបណ្ឌិតបន្ដថា «ជីវិតប្តីប្រពន្ធ បន្ទាប់ពីរៀបការគ្មានទេ ដែលហៅថាសេចក្តីសុខ ពិសេសនោះគឺការបាត់បង់កូនដំបូងដ៏សែនឈឺចាប់បំផុត រួមទាំង បែកគ្នា ជាមួយស្វាមីក្នុងគ្រា ពេលមានកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនហៅថា ពូៗ រយៈពេល២ខែ សុទ្ធតែរឿងរ៉ាវមិនគួរកើតមានសោះឡើយ» ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានរម្លឹកទៀតថា រឿងរ៉ាវ ដ៏ឈឺចាប់នេះ មិនត្រឹមតែគ្រួសារសម្តេចប៉ុណ្ណោះទេ វាបានកើតឡើងសម្រាប់ប្រជាជនទូទាំងប្រទេសនេះគ្រាន់តែជាការសង្ខេបរឿងរ៉ាវខ្លះៗតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ជាចុងក្រោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានជូនពរ ពលរដ្ឋកម្ពុជាទាំងអស់ ឲ្យជួបតែសុខសន្តិភាពគ្រប់ក្រុមគ្រួសារ កុំឱ្យកើតមាន នូវសង្គ្រាមនាសម័យអតីកាល ដ៏ឈឺចាប់នោះម្តងទៀតឱ្យសោះ។
សម្រាប់ប្រជាពលរដ្ឋដែលនៅទីនោះវិញ ក៏បានបង្ហាញពីភាពរំភើបសប្បាយរីករាយជាពន់ពេក រួមទាំងបានបង្កើតភាពជិតស្និទរកអ្វីផ្ទឹមគ្មាន ជាមួយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដែលតែងតែខ្វល់ខ្វាយ និងយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលាមិនថាយប់ឬថ្ងៃ នោះឡើយ៕
">