(តូក្យូ)៖ ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី គឺស្ថិតនៅដដែល រហូតទាល់តែមានការអនុវត្តពេញលេញ នូវកិច្ចព្រមព្រៀងទីក្រុង Minsk នេះបើតាមការសម្រេចរបស់ ក្រុមមេដឹកនាំប្រទេស G7 នៅក្នុងកិច្ចប្រជុំកំពូល ក្នុងប្រទេសជប៉ុន ហើយបានជំរុញឲ្យរុស្ស៊ី «គោរព អាជ្ញាធររបស់អ៊ុយក្រែន» នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ។
ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានក្រុមប្រឹក្សា សហភាពអឺរ៉ុប លោក Donald Tusk បានបង្ហាញជំហដូចគ្នាផ្សាភ្ជាប់ ទៅនឹងការដកទណ្ឌកម្មយ៉ាងសំខាន់ ចំពោះកិច្ចព្រមព្រៀងទីក្រុង Minsk ដែលបានធ្វើឡើង នៅឆ្នាំ២០១៥ រវាងរដ្ឋាភិបាលទីក្រុង Kiev និងក្រុមអ្នកតំណាងតំបន់ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ហើយត្រូវបានយល់ព្រម ដោយមេដឹកនាំប្រទេសរុស្ស៊ី, បារាំង និងអាល្លឺម៉ង់។
រុស្ស៊ីបានបញ្ជាក់ជាថ្មីម្តងទៀតថា ខ្លួនមិនមែនជាផ្នែកមួយ នៃជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនទេ ហើយបានជំរុញឲ្យរដ្ឋាភិបាលទីក្រុង Kiev ចូលរួមកិច្ចពិភាក្សាជាមួយនឹង ក្រុមអ្នកប្រកាសរដ្ឋសាធារណៈដោយឯកឯង។ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានបញ្ជាក់ដែរថា ជំហរបស់ប្រទេសលោកខាងលិច ត្រឹមតែជំរុញឲ្យរដ្ឋភិបាលទីក្រុង Kiev ធ្វើឲ្យខូចបន្ថែម នូវកិច្ចព្រមព្រៀងទីក្រុង Minsk តែប៉ុណ្ណោះ ដែលមានលក្ខខណ្ឌពេញលេញ នៃបទឈប់បាញ់ នៅភាគខាងកើតអ៊ុយក្រែន។
គួរជម្រាបថា អឺរ៉ុបបានដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ ក្នុងខែកក្កដា ឆ្នាំ២០១៤ បន្ទាប់ពីតំបន់ Crimea របស់អ៊ុយក្រែន ត្រូវបានដាក់បញ្ចូលក្រោម ការគ្រប់គ្រងរបស់រុស្ស៊ី ក្នុងជម្លោះនៅភាគខាងកើតអ៊ុយក្រែន ហើយបានបន្តធ្វើឲ្យមានជម្លោះជា២លើក នៅក្នុងឆ្នាំ២០១៥៕