(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា។
លោករដ្ឋមន្ត្រី មានការសោកស្ដាយ និងរន្ធត់ចិត្តជាពន់ពេក ដោយទទួលបានដំណឹងថា លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា ទទួលអនិច្ចកម្ម កាលពីវេលា ម៉ោង ៦៖៥០ នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០២២ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។
សារលិខិតចូលរួមរំលែកទុក្ខ លោករដ្ឋមន្ត្រីកើត រិទ្ធ បានលើកឡើងថា ៖ «នៅក្នុងវេលាដែលពោរពេញទៅដោយសមានទុក្ខ និងសេចក្តីសោកសង្រេងនេះ ខ្ញុំសូមចូលរួមរំលែកនូវ មរណទុក្ខដ៏សែនក្រៀមក្រំនេះ និងសូមសម្តែងនូវការសោកស្តាយប្រកបដោយក្តីសង្វេគ ស្រណោះអាឡោះអាល័យ ជាមួយ ឯកឧត្តម និងក្រុមគ្រួសារ ចំពោះការបាត់បង់លោកជំទាវ នាវ ច័ន្ទថាណា ដែលមិនត្រឹមតែ ជាភរិយា ជាម្តាយបង្កើត ជាម្តាយក្មេក និងជាជីដូនដែលប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់ នៃកូនចៅទាំងអស់គ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបដែលលះបង់ ទាំងកម្លាំងកាយចិត្ត និងបញ្ញាញាណ ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នាពេលកន្លងមក រហូតដល់ទីអវសានជីវិតរបស់លោកជំទាវ»។
លោកសូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធ របស់លោកស្រី នាវ ច័ន្ទថាណា ឆាប់បានចាប់កំណើតនៅទីឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាត ឡើយ៕