(ភ្នំពេញ)៖ ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន៨នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បង្ក្រាបបាន និងដកហូតបានថ្នាំញៀន៣កញ្ចប់ ព្រមទាំងម៉ូតូ៣គ្រឿងផងដែរ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅម៉ោង២៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចមុខវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក ឯក សេរីវុធ អធិការរងទទួលផែនយុត្តិធម៌ខណ្ឌជ្រោយចង្វារ បានប្រាប់ភ្នាក់ងារ Fresh News ថា បន្ទាប់ពីទទួលបានផែនការដឹកនាំផ្ទាល់ពី លោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារភ្លាម កម្លាំងនគរបាលមូលដ្ឋាន បានបន្តយាមល្បាត នៅមុខវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៦ ដូចសប់ដង និងបានដាក់ការសង្ស័យទៅលើយុវជន៨នាក់ ជិះម៉ូតូ៣គ្រឿង ក៏ឃាត់ធ្វើការឆែកឆេរ ស្រាប់តែរកឃើញថ្នាំញៀនសង្ស័យជាម៉ាទឹកក ដែលជនទាំងនោះបានរក្សាទុកក្នុងខ្លួន ទើបកម្លាំង សមត្ថកិច្ចសម្រេចឃាត់ខ្លួនភ្លាមៗរួម និងដកហូតម៉ូតូចំនួន៣គ្រឿង ដែលជនត្រូវសង្ស័យជិះធ្វើសកម្មភាពផងដែរ។

លោកអធិការរង បានបន្ដថា ជនសង្ស័យដែលឃាត់ខ្លួន ទី១ឈ្មោះគង់ គឿន អាយុ២៥ឆ្នាំ ទី២ឈ្មោះ ចាក់ ប៊ុនថន អាយុ២០ឆ្នាំ ទី៣ ឈ្មោះម៉ៅ ម៉ាប់ អាយុ២៧ឆ្នាំ ទី៤ឈ្មោះលឹម កូលីន អាយុ១៨ឆ្នាំ ទី៥ឈ្មោះ វឿន វីដ អាយុ១៨ឆ្នាំ ទី៦ឈ្មោះ ហ៊ុល រដ្ឋា អាយុ២១ឆ្នាំ ទី៧ឈ្មោះឃិន ចិត្ត អាយុ២៤ឆ្នាំ និងទី៨ឈ្មោះ គង់ ចន្ថា អាយុ២៣ឆ្នាំ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕