(ភ្នំពេញ)៖ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបពិភាក្សាជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (Jica) ដើម្បីរៀបចំការបណ្តុះបណ្តាលដល់មន្ត្រីក្រសួងសង្គមកិច្ច ក្នុងការអភិវឌ្ឈន៍សមត្ថភាពក្នុងការជួយគាំទ្រដល់ជនរងគ្រោះពីការជួយដូរមនុស្ស។
សម្រាប់ជំនួបពិភាក្សាខាងលើនេះ ភាគីទាំង២បានផ្តោតទៅលើការងារមួយចំនួនរួមមាន៖
*ស្នើសុំអ្នកជំនាញរយ:ពេលវែង៖ ស្នើសុំបណ្តុះបណ្តាលដល់មន្ត្រីជំនាញប្រយុទ្ធប្រឆាំងការជួយដូរមនុស្ស, បណ្តុះបណ្តាលអ្នកជំនាញប្រឹក្សាយោបល់, បណ្តុះបណ្តាលអ្នកជំនាញអ្នកសម្របសម្រួលបច្ចេកទេស និងស្នើសុំអ្នកជំនាញសម្របសម្រួលគម្រោង។
ដោយឡែកការស្នើសុំអ្នកជំនាញរយ:ពេលខ្លី រួមមាន៖ ចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសជប៉ុន និងប្រទេសផ្សេងៗ, ចូលរួមពិភាក្សាពីការប្រព្រឹត្តិទៅ និងបញ្ចប់ការអនុវត្តគម្រោងជាមួយទីប្រឹក្សាប្រធានគម្រោង និងស្នើឲ្យក្រុមការងារជំនាញ និងបច្ចេកទេសទទួលបានបទពិសោធន៍ថ្មីៗ។
កាលពីពេលថ្មីៗនេះ លោក ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា ឆ្នាំ២០២០ និង២០២១នេះ ពិភពលោកប្រឈមខ្លាំងទៅនឹងការដោះស្រាយបញ្ហាជាច្រើនដែលជាផលប៉ះពាល់សកល មានទាំងសង្គ្រាមសេដ្ឋកិច្ចរបស់ មហាអំណាចពិភពលោក ទាំងការរាតត្បាតជំងឺដ៏កាចសាហាវកូវីដ-១៩ គ្រោះធម្មជាតិ ដែលសុទ្ធតែជាកត្តាជំរុញឲ្យសេដ្ឋកិច្ចពិភពលោក កាន់តែដុនដាប រួមទាំងសេដ្ឋកិច្ចមហាអំណាចខ្លួនឯងផង ។
ទន្ទឹមនឹងផលប៉ះពាល់នេះ ភាពក្រីក្រ បានគ្របដណ្តប់នៅទូទាំងសាកលលោក ដែលជាសញ្ញាមិនល្អសម្រាប់សុខុមាលភាព និងសុវត្ថិភាពរបស់មនុស្សដែលជាប្រជាជននៃប្រទេសនីមួយៗ រួមទាំងក្រុមជនទុច្ចរិតឆ្លៀតឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មលើមនុស្ស ដើម្បីកេងចំណេញពីស្ថានភាពប្រឈមរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិក្នុងគ្រាជួបការលំបាកនេះ ។
លោកបន្ថែមថា «យើងពិតជាបានខំប្រឹងជម្នះឧបសគ្គទាំងឡាយ ដោយបានធ្វើការងារយ៉ាងសកម្មភាពព្រមៗគ្នា ដើម្បីដោះស្រាយភាពប្រឈមតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលសកម្មភាពខ្លះ ត្រូវមានការខ្វះចន្លោះ ឆកល្វែង ឬមើលរំលង ដោយផ្អែកទៅលើការតម្រង់ទិសទៅលើអាទិភាពនៃបញ្ហាថ្មី និងការកាត់បន្ថយចំណាយទៅលើសកម្មភាពដែលមិនចាំបាច់។
តែទោះបីជាយ៉ាងនេះក្តី បញ្ហាសន្តិសុខមនុស្ស សន្តិសុខសង្គម មិនអាចបណ្តែតបណ្តោយឲ្យក្លាយជាភាពច្របូកច្របល់ ដោយផ្តេកផ្តួលទៅលើធនធានថវិកាបានទេ ពោលគឺត្រូវបង្កើនការយកចិត្តទុកដាក់ ប្រកបដោយឆន្ទៈមោះមុត ដើម្បីរក្សាស្ថេរភាពនៃសុវត្ថិភាពសង្គម និងពង្រឹងកិច្ចការពារ ទប់ស្កាត់ការឆ្លៀតឱកាសគ្រប់រូបភាព»៕