(កោះកុង)៖ អាជ្ញាធរស្រុកបូទុមសាគរ ខេត្តកោះកុង បានបើកកិច្ចសម្របសម្រួលដោះស្រាយបែងចែកដីធ្លីជូនប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ដែលរស់នៅភូមិជីត្រេះ ឃុំអណ្តូងទឹក បន្ទាប់ពីមានវិវាទជាមួយក្រុមហ៊ុនស៊ីណូមិចស៊ីន ជាង១០ឆ្នាំមកហើយ ជាលទ្ធផលប្រជាពលរដ្ឋចំនួន ១១១គ្រួសារ ព្រមទាំងទទួលយកការសម្របសម្រួលពីអាជ្ញាធរ។
លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ថា មានតែប្រជាពលរដ្ឋចំនួន ២០គ្រួសារប៉ុណ្ណោះ បដិសេធមិនយល់ព្រមតាមការពន្យល់ណែនាំ រកដំណោះស្រាយតាមនយោបាយឈ្នះឈ្នះ របស់រដ្ឋបាលខេត្តកោះកុង។ រីឯប្រជាពលរដ្ឋចំនួន ១១១គ្រួសារ បានពេញចិត្តគាំទ្រយកដោះស្រាយនេះ ដោយគ្មានការបង្ខិតបង្ខំ។
លោកអភិបាលស្រុកបូទុមសាគរ បានលើកឡើងថា ប្រជាពលរដ្ឋចំនួន ២០គ្រួសារ ដែលបដិសេធមិនទទួលយកការសម្របសម្រួលពីអាជ្ញាធរស្រុក ដោយសារតែពួកគាត់ជឿតាមការញុះញង់របស់ក្រុមបុគ្គលលោភលន់មួយចំនួន ចង់លើសពីគោលការណ៍ដោះស្រាយរបស់ថ្នាក់ដឹកនាំ និងខ្លះទៀតបានលក់ដូរឱ្យឈ្នួញ។
លោក ហាក់ ឡេង បានបញ្ជាក់ថា ជុំវិញករណីនេះ អាជ្ញាធរស្រុកបូទុមសាគរ នឹងសុំគោលការណ៍ដោះស្រាយបន្តពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ចំពោះប្រជាពលរដ្ឋចំនួន ២០គ្រួសារ ដែលមិនព្រមទទួលយកការដោះស្រាយគោលនយោបាយ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋចំនួន១១១គ្រួសារ ដែលទទួលយកដំណោះស្រាយត្រូវបានកត់ត្រាទុករង់ចាំចាប់ឆ្នោត ជ្រើសរើសកំណត់ទីតាំងបែងចែកឡូតិ៍របស់ខ្លួនទៅថ្ងៃខាងមុខ។
គួរជម្រាបថា ដីដែលដោះស្រាយតាមគោលនយោបាយឈ្នះឈ្នះ ក្នុង១គ្រួសារ ទទួលបានដីលំនៅឋាន ២០ម៉ែត្រ គុណ៧០ម៉ែត្រ ឬ២០ម៉ែត្រ គុណ១០០មែ៉ត្រ និងដីសម្រាប់ធ្វើស្រែចំការ ១ហិចតាកន្លះ។ ដោយឡែកសម្រាប់ករណីប្រជាពលរដ្ឋណាបានលក់ដូរ ទៅឱ្យឈ្នួញហើយមុនដំណើរការដោះស្រាយនេះ គឺប្រជាពលរដ្ឋសាមីនឹងដោះស្រាយដោយខ្លួនឯងបន្ត។
ដំណើរការដោះស្រាយបែងចែកដីធ្លីជូនពលរដ្ឋ ចំនួន១៣១គ្រួសារ បានធ្វើឡើងប្រមាណ ១០ឆ្នាំមកហើយ តែគ្មានប្រសិទ្ធភាពឡើយ។
កន្លងទៅក្រសួងបរិស្ថាន បានកាត់ផ្ទេរផ្ទៃដីប្រមាណ ៦០០ហិចតា ពីក្រុមហ៊ុន ស៊ីណូមិចស៊ីន មកឱ្យរដ្ឋបាលខេត្តកោះកុង ជាអ្នកគ្រប់គ្រង។ ក្នុងនោះ ១០០ហិចតា នឹងត្រូវបែងចែកជូនប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ នៅថ្ងៃនេះតែម្តងឱ្យបញ្ចប់វិវាទ។ រីឯផ្ទៃដីដែលនៅសេសសល់នឹងត្រូវប្រើប្រាស់ពេលណាមានតម្រូវសម្រាប់កសាងវត្តអារាម សាលារៀន ផ្សារ ទីលានចាក់សំរាម កន្លែងទឹកស្អាត និងទីលានទាត់បាល់ជាដើម៕