(ភ្នំពេញ)៖ បញ្ហារថយន្ដដឹកលើសទម្ងន់កំណត់ មិនត្រឹមតែបំផ្លាញផ្លូវជាតិ ឬផ្លូវខេត្តមួយចំនួននោះទេ បច្ចុប្បន្នបញ្ហានេះ បានរីកសាយភាយដល់ផ្លូវលំនៅតាមតំបន់ជនបទមួយចំនួនផងដែរ ដែលក្រុមឈ្នួញបានប្រើប្រាស់ផ្លូវតាមជនបទ ដើម្បីគេចវេសពីគោលដៅដាក់ជញ្ជឹងថ្លឹង នៅតាមផ្លូវជាតិ ឬផ្លូវខេត្ត និងបានបង្កឲ្យផ្លូវទាំងអស់រងនូវការខូចខាត។
លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានអះអាងនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះថា បច្ចុប្បន្នបញ្ហារថយន្ដដឹកលើសទម្ងន់កំណត់ ក៏ជាបញ្ហាចម្បងនាំឲ្យខូចផ្លូវជនបទ ក្រោយយានយន្ដមួយចំនួនតូច គេចពីការត្រួតពិនិត្យនៅតាមផ្លូវជាតិ និងផ្លូវខេត្ត។
ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ «សមិទ្ធផលការងាររយៈពេល៥ឆ្នាំ របស់ក្រសួងអភិវឌ្ឍន៍ជនបទ» មន្ដ្រីជាន់ខ្ពស់រូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ការដឹកជញ្ជូន ក្នុងនោះការដឹកជញ្ជូនលើសទម្ងន់ គឺជាដើមចមមួយទៀត ដែលរុញឲ្យផ្លូវជនបទរបស់យើងឆាប់ខូច»។
បើតាមលោក ជ្រុន ថេរ៉ាវ៉ាត ពាក់ព័ន្ធការដឹកជញ្ជូនលើសទម្ងន់កំណត់ នៅតាមផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ តែងសហការយ៉ាងជិតស្និតជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើការទប់ស្កាត់ដល់អ្នកដែលរកស៉ីដឹកជញ្ជូនលើសទម្ងន់កំណត់នេះ ហើយក្រសួងសាធារណការ ក៏បានផាកពិន័យជាបន្ដបន្ទាប់។
ជាមួយនឹងបញ្ហាប្រឈមនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាអ្នកគ្រប់គ្រងលើផ្លូវជនបទទាំងអស់នោះ នឹងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើតគណៈកម្មការឲ្យបានត្រឹមត្រូវឈាន ទៅដាក់ជញ្ជីងថ្លឹងទម្ងន់កំណត់ដូចផ្លូវជាតិដែរ។ លោកបានអះអាងថា រាជរដ្ឋាភិបាលសាងសង់ផ្លូវមួយខ្សែៗ ចំណាយថវិកាច្រើនណាស់ ដូច្នេះត្រូវថែទាំឲ្យបានល្អ ទើបធានាដល់ការប្រើប្រាស់បានយូរអង្វែង។
គួរជម្រាបថា រូបមន្តនៃការដឹកជញ្ជូនបានរកឃើញថា រថយន្តមួយគ្រឿង ដែលដឹកលើសទម្ងន់១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងធ្វើចរាចរនៅលើផ្លូវនោះ។ បើរថយន្ត ០១គ្រឿង ដឹកលើសទម្ងន់ ៣០តោន គឺស្មើនឹងរថយន្ត ៨១ម៉ឺនគ្រឿង ធ្វើចរាចរណ៍នៅលើដងផ្លូវ ពោល គឺយកចំនួនទម្ងន់ដឹកលើសនោះគុណបន្តគ្នាចំនួន៣ដង នឹងរកឃើញចំនួនរថយន្តធ្វើចរាចរណ៍លើផ្លូវ។
ឧទាហរណ៍ រថយន្តមួយគ្រឿងដឹកលើសទម្ងន់ ១០តោន គឺគេយក ១០ គុណ ១០ ស្មោះ១០០, យក ១០០ គុណ ១០ ស្មើ ១,០០០, យក ១,០០០ គុណ ១០ ស្មោះ ១០,០០០។ ដូច្នេះរថយន្តមួយគ្រឿងដឹកលើស ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងបានធ្វើចរាចរណ៍លើផ្លូវ។
បន្ថែមពីនេះ លោក ជ្រុន ថេរ៉ាវ៉ាត ដោយគិតពីឆ្នាំ២០១៨ រហូតមកទល់នឹងបច្ចុប្បន្ន ក្រសួងអភិវឌ្ឍន៍ជនបទ កសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្តាញផ្លូវជនបទថ្មីបានចំនួនប្រវែង ២,៨២៧គីឡូម៉ែត្រ ក្នុងនោះមាន៖ ផ្លូវក្រួសក្រហម ផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូ២ជាន់ (DBST)។
ក្រសួងក៏បានជួសជុល ថែទាំផ្លូវ ជាលក្ខណៈខួប ប្រចាំ និងជួសជុលបន្ទាន់បាន ចំនួន១៧,០៧០.៨០គីឡូម៉ែត្រ សាងសង់ស្ពានបេតុងបានចំនួន១៤៦កន្លែង សាងសង់ ថែទាំ និងជួសជុលលូមូល លូប្រអប់បានចំនួន ៣,២៥៥កន្លែង ថែទាំ និងជួសជុលស្ពានបេតុង និងសំណង់បង្ហៀរទឹក សរុបចំនួន៥៩កន្លែង បំពាក់ស្លាកចរាចរ ចំនួន៨,៥២២ស្លាក ចុះស្រង់ទិន្នន័យផ្លូវជនបទសម្រាប់រៀបចំផែនការជួសជុលបាន ចំនួន៥៩កន្លែង ថែទាំប្រចាំឆ្នាំមានចំនួន ៥,១០៤.២៦គីឡូម៉ែត្រ បានដាំកូនឈើអមសង ខាងផ្លូវជនបទតាមបណ្តារាជធានីខេត្តបានចំនួន ១០០,៥៥៤ដើម ដើម្បីទប់ទល់នឹងការហូរច្រោះតួផ្លូវនៅពេលមានភ្លៀងខ្លាំង និងទឹកជំនន់។
ដោយឡែក សមិទ្ធផលការងារក្រោមហិរញ្ញប្បទានថវិកាជាតិសម្រាប់ឆ្នាំ (២០១៨-២០២២) ក្រសួងបានធ្វើការថែទាំតាមរយៈកម្មវិធីថែទាំផ្លូវជនបទ (ថវិកាជំពូក៦១) បានចំនួនសរុប១៧,៥០៣.៨៧គីឡូម៉ែត្រ និងសំណង់សិល្បការ្យគ្រប់ប្រភេទ ចំនួន៤៤០កន្លែង។
ក្នុងនោះផងដែរ គម្រោងវិនិយោគផ្ទាល់ (ថវិកាជំពូក២១) សាងសាងសង់ផ្លូវប្រវែងសរុប ២,៤៧២.៧គីឡូម៉ែត្រ ស្ពានបេតុងចំនួន៨៥កន្លែង ប្រវែងសរុប៣,៥០៤ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យគ្រប់ប្រភេទ សរុបចំនួន២,៦៥៧កន្លែង។ សូមបញ្ជាក់ថា ការងារស្ថាបនា ស្តារ ជួលជុល ថែទាំ និងកែលម្អ លើកកម្រិតផ្លូវជនបទ ក្រោមហិរញ្ញប្បទានថវិកាជាតិ សម្រេចបាន១០០% នៃផែនការឆ្នាំនីមួយៗ៕