(កំពង់ឆ្លង)៖ លោក អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំក្រមការងារមនុស្សធម៌ ដោយរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មានសមត្ថកិច្ច បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងទីទ័លក្រចំនួន១៣គ្រួសារ និងគ្រួសារអតីតយុទ្ធជន។
អំណោយដែលមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកទៅចែកជូនដល់ពលរដ្ឋ១៣គ្រួសារ និងគ្រួសារអតីតយុទ្ធជនខាងលើនេះ មានអង្ករចំនួន៦៥០គីឡូក្រាម ស៊ីម៉ង់ត៍៣៩បេ ស័ង្កសី ២១០សន្លឹក មី២៦ កេះ អាវរងា ១៣អាវ មុង១៣ ម៉ាស១៣ប្រអប់ ជែលលាងដៃ៣៩ដប រួមនិងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ដែលបានឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋជាស្ត្រីមេម៉ាយទីទាល់ក្រ មកពីឃុំគោកបន្ទាយ និងឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ។
នៅក្នុងឱកាសនោះ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានផ្ដាំផ្ញើសួរសុខទុក្ខពីលោក ហ៊ុន ម៉ាណែត និងលោកស្រី ដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋផងដែរ។ បន្ទាប់មកលោកមេបញ្ជាការបានផ្តាំផ្ញើដល់ប្រ ជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន អំពីជំងឺកូវីដ-១៩ និងសូមនាំកូនចៅទៅចាក់វ៉ាក់សាំងដុសជំរុញឲ្យបានគ្រប់គ្នា៕