(ស្វាយរៀង)៖ លោក សៅ សុខា ប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង បានរំលឹកមន្ត្រីគ្រប់ស្ថាប័ន ពិសេសគណៈបញ្ជាការឯកភាពស្រុក ត្រូវបន្តដឹកនាំអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងបន្តចុះចលនាដឹកនាំពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា ខណៈជំងឺកូវីដ-១៩ ទប់ទល់នឹងមេរោគបំប្លែងថ្មីកុំឲ្យឆ្លងនៅតាមសហគមន៍។
លោក សៅ សុខា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងផ្សព្វផ្សាយខ្លឹមសារលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល បក្ស ប្រជាជន កម្ពុជា នៅស្រុករមាសហែក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសការរៀបចំ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ទទួលបានជោគជ័យ នៅទូទាំងប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងស្រុករមាសហែកផងដែរ។
ដើម្បីរួមចំណែកធ្វើឲ្យមានសណ្តាប់ធ្នាប់សុវត្ថិភាព មន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ ពិសេសគណៈបញ្ជាការ ឯកភាពស្រុក ត្រូវចាត់តាំងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរួមរក្សា សន្តិភាពឲ្យនៅគង់វង្ស។ លោកបានណែនាំ និងជំរុញដល់មន្ត្រីនៅគ្រប់ស្ថាប័នមូលដ្ឋានភូមិឃុំ បន្តចុះដឹកនាំពលរដ្ឋឲ្យពួក ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំ បន្ថយអត្រាចម្លងជំងឺ ខណៈដែលជំងឺកូវីដ១៩ បានបំប្លែងខ្លួនជាបន្តបន្ទាប់។
លោក សៅ សុខា បានណែនាំដល់មន្ត្រីគ្រប់ឋានានុក្រម ពិសេសរដ្ឋបាលឃុំ និងមន្ត្រីប៉ុស្តិ៍ នគរបាលរដ្ឋបាល បន្តផ្ដល់សេវាតម្រូវការ សេវាបម្រើជូនពលរដ្ឋទៅតាមការស្នើសុំឲ្យបានទាន់ពេលវេលា ក្នុងករណីសេវាទាំងនោះហួស ពីសមត្ថភាពឆ្លើយតប ត្រូវរាយការជូនទៅថ្នាក់លើ ដើម្បីរួមធ្វើការដោះស្រាយ និងឆ្លើយតបជូនពលរដ្ឋវិញនៅពេលណាមួយ ក្នុងឥរិយាបថបទទទួលខុសត្រូវចំពោះពលរដ្ឋនៅគ្រប់ពេលវេលា៕