(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ អមដំណើរដោយលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ បានដឹកនាំចៅសង្កាត់ មេភូមិ ចុះទៅត្រួតពិនិត្យការដ្ឋានបើកផ្លូវ ស្របតាមមាត់ព្រែកបាក់ទូកនៅផ្នែកខាងកើត ត្រង់ចំណុចក្រោយទីតាំងវាយកូនហ្គោល CITY GOLF ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ។
លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ បានឲ្យដឹងថា គិតមកដល់ពេលនេះ ការឈូសឆាយផ្លូវនេះ អនុវត្តបាន៤០០ម៉ែត្រហើយ និងរួចរាល់ជាស្ថាពរ នៅផ្នែកខាងកើត។ ដោយឡែក ព្រែកបាក់ទូកនៅផ្នែកខាងលិច កំពុងណែនាំឲ្យប្រជាពលរដ្ឋដែលមានសំណង់ប៉ះពាល់ឲ្យស្ម័គ្រចិត្ត រុះរើចេញដោយខ្លួនឯង ហើយជាលទ្ធផលបងប្អូនប្រជាពលរដ្ឋ បានចាប់ផ្តើមរុះរើ ជាបណ្តើរៗហើយ៕