(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានណែនាំបងប្អូនប្រជាពលរដ្ឋ មកទំនាក់ទំនងមន្ត្រីគ្រប់ការិយាល័យជំនាញទាំងអស់ ដើម្បីទទួលបានសេវានៅការិយាល័យច្រកចេញចូលតែមួយ ដោយស្នើសុំឲ្យប្រជាពលរដ្ឋ អញ្ជើញទៅទទួលយកការផ្តល់សេវាដោយផ្ទាល់ សូមមេត្តាកុំពឹងពាក់លើអ្នករត់ការជាដាច់ខាត។
លោកអភិបាលខណ្ឌ បន្តថា ដើម្បីឲ្យការបំរើសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព រដ្ឋបាលខណ្ឌចំការមន និងអាជ្ញាធរ មូលដ្ឋានត្រូវនៅកៀកកិត ជាមួយគាត់ដោយបន្តធ្វើឲ្យបានទូលំទូលាយនិងប្រសិទ្ធភាព ការងារធ្វើឲ្យបានស៊ីជម្រៅ ដែលពលរដ្ឋចង់បាន ដើម្បីបំរើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឲ្យប្រជាជនទទួលបានទំនុកចិត្ត និងការទទួលបាននូវសុខសុវត្ថិភាពក្នុងការរស់នៅ។
ការលើកឡើងរបស់លោក ថេង សុថុល ធ្វើនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាល និងនាំយកអំណោយកាកបាទក្រហម ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ៤០គ្រួសារ មកពីសង្កាត់បឹងត្របែក និងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។
ជាមួយគ្នានេះ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ និងការហូបចុក ព្រមទាំងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ដែលងាយឆ្លងលឿន និងសាហាវជាងមុន ដោយបន្តចូលរួមអនុវត្តវិធានការណ៍ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន។
អំណោយមនុស្សធម៌ ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គីទ្បូក្រាម មី១កេស ទឹកសុីអុីវ១យួរ ម៉ាស១កញ្ចប់ ជេល១ដប និងថវិកាចំនួន២ម៉ឺនរៀល៕