(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានអំពាវនាវដល់កម្មករ កម្មការិនីទាំងអស់រក្សាភាពស្ងប់ស្ងាត់ និង ធ្វើការងារជាប្រក្រតីភាពចៀសវាងការបង្កចលាចលនានា តាមការអំពាវនាវរបស់លោក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា។ លោក អ៉ិត សំហេង បានហៅការអំពាវនាវរបស់លោក ជា មុនី ជាការធ្វើផ្ទុយពីច្បាប់ស្តីពីសហជីព ដែលទើបចូលជាធរមានអាចប្រឈមនិងទណ្ឌកម្ម រហូតឈានដល់ការរំលាយចោល។
ការអំពាវនាវរបស់លោក អ៉ិត សំហេង បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក ជា មុនី បានចេញសេចក្តីថ្លែងការណ៍ព្រមានថា នឹងបំផុសកម្មករ កម្មការិនី ឲ្យធ្វើកូដកម្មមិនចូលបម្រើការងារ ប្រសិនបើមានការចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ពីសំណាក់កង កម្លាំងមានសមត្ថកិច្ចនោះ។
លោក អ៉ិត សំហេង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការអំពាវនាវរបស់លោក ជា មុនី កំពុងធ្វើផ្ទុយពីច្បាប់ស្តីពីសហជីប ដែលមិនអនុញ្ញាតឲ្យពាក់ព័ន្ធជាមួយគណបក្សនយោបាយ ឬធ្វើយុទ្ធនាការណាមួយបង្ហាញការគាំទ្រដល់គណបក្សនយោបាយនោះឡើយ។ លោក បានបញ្ជាក់អ្វី ដែលលោក ជា មុនី កំពុងធ្វើអាចប្រឈមការអនុវត្តតាមច្បាប់ស្តីពីសហជីព ដែលមានដូចការពិន័យ ដាក់ទណ្ឌកម្ម និងឈានដល់ការរំលាយចោល។
លោក អ៉ិត សំហេង បានថ្លែងដូច្នេះ «អ្វីដែលគាត់ធ្វើហ្នឹងវាមិនត្រឹមត្រូវ គឺវាផ្ទុយនិងច្បាប់ស្តីពីសហជីព ដែលទើបនឹងចូលជាធរមាននាពេលថ្មីៗនេះ។ ទង្វើរបស់គាត់អាចប្រឈមនិងការពិន័យ ដាក់ទណ្ឌកម្ម និងអាចឈានទៅដល់ការរំលាយចោល»។
លោករដ្ឋមន្រ្តី ក៏បានអំពាវនាវទៅដល់កម្មករ កម្មការិនី រក្សាភាពស្ងប់ស្ងាត់បម្រើការងារជាប្រក្រតី កុំធ្វើតាមការញុះញង់ ដែលនាំឲ្យប៉ះពាល់ ដល់ជីវភាពរបស់ខ្លួន។ លោករដ្ឋមន្រ្តី អ៉ិត សំហេង បានបញ្ជាក់ថា រឿងលោក កឹម សុខា គឺជាការអនុវត្តទៅច្បាប់ក្នុងសំណុំរឿងសញ្ចាកម្ម វាមិនមានអ្វីពាក់ព័ន្ធជាមួយក្រុមកម្មករនោះឡើយ។
ការអំពាវនាវរបស់លោក ជា មុនី ដែលបានប្រកាសឲ្យកម្មករធ្វើសកម្មភាព ដើម្បីការពាររបស់លោក កឹម សុខា គឺបានបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ពីការគាំទ្រពេញទំហឹងទៅលើគណបក្សប្រឆាំងពីសំណាក់សហជីពមួយនេះ ដែលជាការផ្ទុយទៅនឹងច្បាប់។ ក្រុមអ្នកតាមដានបញ្ហាសង្គមលើកឡើងទៀតថា អ្វីដែលលោក ជា មុនី កំពុងធ្វើ គឺជាការអូសកម្មករឲ្យចូលប្រឡូកប្រឡាក់ក្នុងរឿងនយោបាយ និង នាំឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរដល់ជីវភាពរបស់កម្មករ កម្មការិនី និង វិស័យកាត់ដេរនៅកម្ពុជា៕