Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌដង្កោ នាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋ២០គ្រួសារ នៅសង្កាត់ព្រែកកំពឹស

27-05-2016 12:48

(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ នៅព្រឹកថ្ងៃ ទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ផ្ទាល់ដៃ បងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាត ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ និងកុមារកំព្រាចំនួន ២០គ្រួសារ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

លោក នុត ពុធដារ៉ា បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ទាំងអស់ អំពីការយកចិត្តទុកដាក់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែង បានយកចិត្តទុកដាក់គិតគូ ដល់បងប្អូនទាំងអស់ នៅទូទាំងប្រទេស និងតែងបានផ្តាំផ្ញើដល់សាខា អនុសាខាកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ ក៏ដូចជាអាជ្ញាធរទាំងអស់ឲ្យយកចិត្ត ទុកដាក់ដល់ការលំបាក របស់បងប្អូនទាំងអស់នៅតាមមូលដ្ឋាន។

ជាមួយគ្នានេះ លោកអភិបាល ក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជូនដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់នាថ្ងៃនេះផងដែរ។ លោកអភិបាលក៏បានណែនាំដល់លោកតា លោកយាយ ទាំងអស់សូមថែររក្សា សុខភាព ឲ្យបានល្អតាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងធ្វើលំហាត់ប្រាណ រីឯបងប្អូនដែលមានផ្ទុកមេរោគអេដស៍ សូមទៅបើកថ្នាំពន្យា និងលេបឲ្យបានទៀងទាត់ ព្រមទាំងធ្វើការហាត់ប្រាណ ដើម្បីរក្សាសុខភាព រង់ចាំមើលការអភិវឌ្ឍរបស់ ប្រទេសជាតិ យើងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

អំណោយដែលត្រូវចែកជូនដល់គ្រួសារក្រីក្រ ចំនួន ២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (មុង១+ភួយ១+ក្រមា១+សារ៉ុង១) និងថវិកា ៣ម៉ឺនរៀល។

ជាមួយគ្នាលោកអភិបាល ក៏បានឧបត្ថម្ភ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហម ជូនដល់លោកយាយ ឡាំ យឺន ពិកាភ្នែក ដែលមានចៅ០៤នាក់ក្នុងបន្ទុក  ហើយប្រកបរបរដើរសុំទានដើម្បីចិញ្ចឹមជីវិត ថវិកា១០ម៉ឺនរៀល បន្ថែមផងដែរ៕