(ភ្នំពេញ)៖ សម្ព័ន្ធសហជីពជាតិ ដែលដឹកនាំដោយ លោក ហ្វា សាលី បានអំពាវនាវកុំឱ្យសហជីព ដែលមាននិន្នាការប្រឆាំងមួយចំនួន អូសទាញកម្មករ កម្មការិនី ដែលកំពុងធ្វើការឱ្យក្លាយទៅជាឈ្នាន់នយោបាយ នៅក្នុងរឿងផ្ទាល់ខ្លួន លោក កឹម សុខា។
ប្រតិកម្មរបស់ សម្ព័ន្ធសហជីព ដែលធ្វើការឯករាជ្យមួយនេះ បានធ្វើឡើងបន្ទាប់ពីសហជីពសេរីកម្មករកម្ពុជា របស់លោក ជា មុនី ដែលធ្លាប់រង នូវការរិះគន់ថា មាននិន្នាការនយោបាយ ទៅរកគណបក្សប្រឆាំង បានចេញសេចក្តីអំពាវនាវឱ្យកម្មករត្រៀមខ្លួនដើម្បីធ្វើកូដកម្មប្រឆាំង ទៅនឹងការឃាត់ខ្លួន លោក កឹម សុខា។
លោក ហ្វា សាលី ប្រធានសហជីពជាតកម្ពុជា បានប្រកាសថា រឿងនយោបាយ ទុកឱ្យអ្នកនយោបាយ ជាអ្នកដោះស្រាយ ប៉ុន្តែក្រុមសហជីព មិនគួរយកកម្មករ ទៅពាក់ព័ន្ធនឹងរឿងនយោបាយ ដែលនាំឱ្យខាតបង់ការងាររបស់កម្មករនោះឡើយ ហើយនាំឱ្យកម្មករស្លាប់ដូចឆ្នាំ២០១៣ឡើយ។
លោក ហ្វា សាលា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នយោបាយគឺជារឿងរបស់អ្នកនយោបាយ មិនត្រូវយកកម្មករមកធ្វើឈ្នាន់ឡើយ យើងត្រូវការសន្តិភាព ផ្នែកឧស្សាហកម្មកាត់ដេរ និងត្រូវការអ្នកវិនិយោគកាន់តែច្រើនជាងនេះ»។
លោកបានបន្ថែមទៀតថា «សហជីពត្រូវតែ ឯករាជ្យ ! ហើយកម្មករត្រូវការការងារធ្វើ និងប្រាក់ឈ្នួល សម្រាប់ផ្គត់ផ្គង់ជីវិភាពគ្រួសាររបស់គេ គឺមិនមែនបំពេញបំណងអ្នកនយោបាយដែរ ដូចនេះ កម្មករពួកគាត់ទុកឲ្យអ្នកនយោបាយដោះស្រាយដោយសន្តិវិធី មិនត្រូវញុះញុង់ឲ្យកម្មករធ្វើបាតុកម្ម ក្នុងន័យឆ្លៀតឱកាសបង្ករឲ្យមានបដិវត្តន៍ ដែលធ្វើឲ្យកម្មករស្លាប់ដូចឆ្នាំ២០១៣ ដែលទាមទារប្រាក់ឈ្នួលនោះទេ»។
សូមបញ្ជាក់ថា កឹម សុខា បានបដិសេធមិនចូលខ្លួន តាមការកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ ចំនួន២លើក ពាក់ព័ន្ធនឹងបទសញ្ជារកម្ម ជាមួយកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។ តុលាការបានចាត់ទុកថានេះជាបទល្មើសជាក់ស្តែងថ្មីមួយទៀត ដែលប្រឆាំងទៅនឹងដីកា ដែលចេញដោយតុលាការ ដែលជាស្ថាប័នមានអំណាចឯករាជ្យមួយ នៅក្នុងចំណោមស្ថាប័នអំណាចទាំង៣នៅកម្ពុជា។
តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក កឹម សុខា តាមមាត្រា ៥៣៨ នៃច្បាប់ព្រហ្មទណ្ឌរបស់កម្ពុជា។
មាត្រា ៥៣៨ នៃច្បាប់ព្រហ្មទណ្ឌបានចែងថា រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយ ជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្របត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល៕