(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង បានលើកឡើងថា ជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីពេលថ្មីៗនេះ គឺជាមូលដ្ឋាននយោបាយសម្រាប់គណបក្ស បន្តដណ្តើមជោគជ័យថែមទៀតក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត លើកទី៧ នាឆ្នាំ២០២៣។

សម្តេចក្រឡាហោម បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ «លទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាល» នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា គណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយបានកាន់កាប់មុខតំណែងមេឃុំ ចៅសង្កាត់ ស្ទើរគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ក្នុងនោះ ខេត្តព្រៃវែង គណបក្សបានកាន់កាប់មុខតំណែងមេឃុំ ចៅសង្កាត់នៅគ្រប់ឃុំ សង្កាត់ទូទាំងខេត្ត។ ជោគជ័យនេះ គឺជាមូលដ្ឋាននយោបាយសម្រាប់គណបក្ស បន្តដណ្តើមជោគជ័យថែមទៀតក្នុងការបោះឆ្នោតជាតិ លើកទី៧ នាឆ្នាំ២០២៣ ខាងមុខ។

សម្ដេចក្រឡាហោម ក៏បានជំរុញឱ្យសមាជិក សមាជិកាគណបក្សដែលជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរួមគ្នាពង្រឹងការបំពេញតួនាទី ភារកិច្ចឱ្យបម្រើប្រជាពលរដ្ឋឱ្យបានល្អ ក្នុងនោះត្រូវយកចិត្តទុកដាក់រៀបចំផែនការអនុវត្តរយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ដើម្បីដាក់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពិភាក្សាគ្នានិងសម្រេច។ សម្ដេចក៏បានជំរុញឱ្យខិតខំយកចិត្តទុកដាក់ដោះស្រាយក្ដីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពផងដែរ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម បានសម្តែងនូវអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ទាំងក្នុងការងារគណបក្ស ការងាររាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។ សម្តេចមានក្តីសង្ឃឹម ជឿជាក់ថា លោក លោកស្រី នឹងបន្តលើកកម្ពស់ការ ចូលរួម និងអនុវត្តទិសដៅការងារដែលបានណែនាំឱ្យកាន់តែមានប្រសិទ្ធភាព ថែមទៀត ដើម្បីរួមគ្នាសម្រេចបានជោគជ័យជូនគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជាតិ លើកទី៧ នាឆ្នាំ២០២៣ ខាងមុខនេះ៕