(ភ្នំពេញ)៖ ក្នុងការទប់ស្កាត់ ការនាំចូល និងចែកចាយទំនិញក្លែងក្លាយ ក៏ដូចជាបំពេញតាមស្តង់ដារជាតិ អន្តរជាតិ និងបម្រើប្រយោជន៍ដល់សាធារណជន ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីកម្មសិទ្ធិបញ្ញា ឬម៉ាក់ពាណិជ្ជកម្មផ្តាច់មុខ ដល់ទំនិញដែលនាំចូលមកលក់នៅកម្ពុជា ប៉ុន្តែមិនមែនគ្រប់មុខទំនិញទាំងអស់ឡើយ ដោយក្នុងនោះសម្រាប់មុខទំនិញ៤ប្រភេទ មិនត្រូវបានក្រសួងអនុញ្ញាតឱ្យធ្វើការបញ្ជាក់សិទ្ធិផ្តាច់មុខ ពីការចុះបញ្ជីម៉ាក ឬការកត់ត្រាលិខិតប្រគល់សិទ្ធិផ្តាច់មុខ ក្នុងការប្រើប្រាស់ម៉ាកក្នុងការនាំចូល និងចែកចាយទំនិញនៅកម្ពុជាឡើយ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា មានទំនិញ៤ប្រភេទ ដែលក្រសួងពាណិជ្ជកម្មមិនផ្តល់សិទ្ធិផ្តាច់មុខក្នុងការនាំចូល ឬកត់ត្រាប្រគល់សិទ្ធិផ្តាច់មុខ ដល់បុគ្គល ឬក្រុមហ៊ុនណាមួយនោះ រួមមាន ទំនិញគ្រប់ប្រភេទដែលបានប្រើប្រាស់រួច ឬទំនិញជជុះ, ផលិតផលឱសថសម្រាប់មនុស្ស និងសត្វ, ជី ថ្នាំកសិកម្ម និងទំនិញហាមឃាត់មួយចំនួនដូចជា អាវុធ សារធាតុញៀន និងថ្នាំពុលជាដើម។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងទំនិញដែលលើកលែងសិទ្ធិផ្តាច់នេះ យើងឃើញហើយ គឺថាទំនិញជជុះមិនអាចមានសិទ្ធិផ្តាច់បានទេ ឱសថក៏មិនអាចមានសិទ្ធិមុខបានដែរ ជី និងថ្នាំកសិកម្ម ក៏មិនអាចមានសិទ្ធិផ្តាច់មុខបានដែរ។ ហេតុនេះសូមសាធារណជនមេត្តាជ្រាបថា វាចាំបាច់ណាស់ដែលយើងមិនអាចលើកលែង បានចំពោះការរំលោភសិទ្ធិទាំងឡាយណា ប៉ះពាល់ដល់សិទ្ធិឯកជន ហើយយើងបានទទួលការប្តឹង ឬក៏ស្នើសុំឱ្យការពារសិទ្ធិពីម្ចាស់សិទ្ធិ ឬក៏អ្នកទទួលបានសិទ្ធិ»

ជាមួយគ្នានេះលោកបញ្ជាក់ថា បើទោះបីជា ជី និងថ្នាំកសិកម្មមិនផ្តល់សិទ្ធិនាំចូលផ្តាច់មុខ ប៉ុន្តែការនាំចូលឧបករណ៍កសិកម្ម ដូចត្រាក់ទ័រ ម៉ាស៊ីនបោកស្រូវជាដើម គឺស្ថិតនៅក្រោមការគ្រប់គ្រងម៉ាក ដែលក្រសួងត្រូវកត់ត្រាលិខិតប្រគល់សិទ្ធិផ្តាច់មុខ ក្នុងការនាំចូល និងចែកចាយទំនិញ ព្រោះទំនិញប្រភេទនេះ មានការប្រកួតប្រជែងរវាងម៉ាកច្រើន ដែលនាំចូលមកកម្ពុជា។

ប៉ុន្តែយ៉ាងណាសិទ្ធិផ្តាច់មុខនេះមិនគ្រប់ដណ្តប់ លើអ្នកដែលទិញមកប្រើប្រាស់ផ្ទាល់ខ្លួន ឬទំនិញដែលប្រើប្រាស់ ក្នុងគោលដៅមិនធ្វើពាណិជ្ជកម្ម ឬប្រើជាប្រយោជន៍សង្គម បានន័យថា បើទោះបីជាមុខទំនិញត្រូវបានចុះបញ្ជីនាំចូល ក៏ផ្តាច់មុខក៏ដោយ ប៉ុន្តែប្រសិនបើបុគ្គលណាម្នាក់ទិញ ឬនាំចូលទំនិញនោះពីក្រៅប្រទេស ក្នុងគោលដៅប្រើប្រាស់ផ្ទាល់ខ្លួន ឬសម្រាប់ធ្វើជាសកម្មភាពសប្បុរសធម៌ ជំនួយអង្គការក្រៅរដ្ឋាភិបាល ការពិសោធន៍លក្ខណៈបច្ចេកទេសជាដើម គឺអាចធ្វើទៅបាន។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ការចុះបញ្ជីពាណិជ្ជកម្ម ឬការទទួលការកត់ត្រា និងតម្កល់លិខិតប្រគល់សិទ្ធិផ្តាច់មុខ ធ្វើឡើងសម្រាប់តែទំនិញ សុទ្ធ និងថ្មីតែប៉ុណ្ណោះ ដោយមិនគ្រប់ដណ្តប់លើទំនិញដែលបានដាក់លក់រួចហើយ ទំនិញដែលប្រើប្រាស់រួចហើយ ឬទំនិញជជុះឡើយ។

សូមជម្រាបថា នៅឆមាសទី១ ឆ្នាំ២០២២នេះ ក្រសួងពាណិជ្ជកម្ម បានទទួលការកត់ត្រា និងតម្កល់លិខិតប្រគល់សិទ្ធិផ្តាច់មុខ មានចំនួន៣៤ ដល់អ្នកនាំចូលទំនិញផ្តាច់មុខ ពីក្រៅប្រទេសមកចរចាលក់នៅកម្ពុជា ដែលធ្វើឱ្យចំនួននេះកើនឡើងដល់៤១៤ បើគិតក្នុងរយៈពេល៥ឆ្នាំមកនេះ៕