(មណ្ឌលគិរី)៖ គិតចាប់ពីឆ្នាំ២០០៧មក គឺមានរយៈជាង១៥ឆ្នាំហើយ ដែលអ្នកវិទ្យាសាស្ត្រ រួមទាំងមន្ត្រីជំនាញផ្សេងៗទៀត មិនបានប្រទះឃើញវត្តមានរបស់សត្វខ្លាធំ នៅក្នុងព្រៃធម្មជាតិរបស់កម្ពុជាទេ។ ខណៈវត្តមានសត្វព្រៃចំនួន២ផ្សេងទៀត ក៏បានផុតពូជពីកម្ពុជាដែរនោះគឺ សត្វគោព្រៃ និងសត្វរមាស។

ជុំវិញការបាត់វត្តមានសត្វខ្លាធំនេះ បើតាមការសន្និដ្ឋានរបស់មន្ត្រី និងក្រុមអ្នកអភិរក្ស គឺបណ្តាលមកពីការដាក់អន្ទាក់ និងការបរបាញ់ ការជួញដូរសត្វព្រៃ បាត់បង់ទីជម្រក បាត់បង់ចំណីអាហារ និងការរំខាននានាពីសំណាក់មនុស្ស។

រូបភាពសត្វខ្លាធំ ដែលថតបានចុងក្រោយ គឺនៅឆ្នាំ២០០៧ នៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមកមិនមានភស្តុតាងណាមួយបង្ហាញថា មានសត្វខ្លាធំនៅក្នុងប្រទេសកម្ពុជាទៀតទេ ទោះជាមានកិច្ចខិតខំប្រឹងប្រែងស្វែងរកវាតែមិនឃើញដានទាល់តែសោះ។

បើតាម លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៨ ខែកក្កដាថា៖ «នាកន្លងមកកម្ពុជា បានបាត់បង់ពូជរមាស គោព្រៃ និងពេលនេះកំពុងសង្ស័យថាយើងអាចបាត់បង់ខ្លាធំបន្ថែមទៀត ពីព្រោះថារយៈពេលជាង១០ឆ្នាំហើយ បានបាត់បង់ភស្ថុតាងថា វានៅតែមានវត្តមាននៅកម្ពុជា។ ទោះជាយ៉ាងណារូបភាពសត្វខ្លាធំ ដែលថតបានចុងក្រោយគឺនៅឆ្នាំ២០០៧ នៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមកពុំមានភស្តុតាងណាមួយបង្ហាញថាមានសត្វខ្លាធំ នៅក្នុងប្រទេសកម្ពុជាទៀតទេ»

លោក នេត្រ ភក្ត្រា បានថ្លែងថា កន្លងមកការបាត់បង់សត្វព្រៃ ផ្តើមចេញមកច្រើនបំផុតពីការប្រើអន្ទាក់ ហើយអន្ទាក់គឺជាឃាតករលាក់មុខដែលឆក់យកជីវិតសត្វព្រៃ និងកំពុងតែបំផ្លិចបំផ្លាញជីវិតសត្វព្រៃរបស់ប្រទេសកម្ពុជា ក៏ដូចជាសត្វព្រៃដែលមានការយកចិត្តទុកដាក់ខ្ពស់របស់ពិភពលោកទាំងមូល។

ជុំវិញការបាត់វត្តមានសត្វខ្លាធំពីព្រៃកម្ពុជា, ប្រធានយុទ្ធនាការអន្ទាក់សូន្យ បានពន្យល់ថា៖ «ដើម្បីថែរក្សាសត្វដ៏កម្រៗ និងមានតម្លៃបំផុតទាំងនេះ យើងត្រូវបញ្ឈប់ការបរិភោគសាច់សត្វព្រៃទាំងអស់ ពីព្រោះយើងដឹងថា សត្វខ្លាំធំជាសត្វនៅលើគេទាំងអស់ និងស៊ីសាច់សត្វជាអាហារ។ សត្វខ្លាធំរស់នៅក្នុងព្រៃបាន ទាល់តែមានសត្វជាអាហាររបស់វាមានគ្រប់គ្រាន់នៅក្នុងព្រៃ។ ប្រជាពលរដ្ឋបើចង់ចូលរួមអភិរក្សសត្វខ្លាធំ គឺឈប់ពិសារសាច់សត្វព្រៃគ្រប់ប្រភេទ។ ពិតណាស់អន្ទាក់ គឺធ្វើឡើងដោយវិធីសាមញ្ញបំផុត និងមានតម្លៃថោក ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។ អន្ទាក់ដែលធ្វើឡើងដោយខ្សែលួស ហ្វ្រាំងកង់ និងងាយស្រួលក្នុងការដាក់ ហើយបានបង្កើតជាបញ្ហាយ៉ាងច្រើននៅក្នុងព្រៃរបស់កម្ពុជា»

បើតាម លោក សេង ទៀក នាយកអង្គការមូលនិធិសកល ដើម្បីអភិរក្សធនធានធម្មជាតិ ប្រចាំប្រទេសកម្ពុជា (WWF) បានឱ្យដឹងថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៣ ដែលមានសត្វខ្លាធំ ហើយរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តបង្កើនទ្វេដងចំនួនសត្វខ្លាធំ ទូទាំងពិភពលោកដោយបានអនុម័តលើផែនការសកម្មភាពសង្គ្រោះសត្វខ្លាធំ នៅកម្ពុជា ដែលផ្តោតលើការនាំយកសត្វខ្លាធំ ចូលទៅក្នុងតំបន់វាលទំនាបភាគខាងកើត នៃប្រទេសកម្ពុជា។

លោក សេង ទៀក បានគូសបញ្ជាក់ថា៖ «សត្វខ្លាធំជាសត្វដ៏អស្ចារ្យ និងមានភាពទាក់ទាញ ហើយវាត្រូវបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ។ នេះជាពេលវេលាដែលត្រឹមត្រូវបំផុត ដែលទាំងអស់គ្នារួមគ្នា ដើម្បីអភិរក្សសត្វខ្លាធំ និងអំពាវនាវឱ្យមានការចូលរួមពីគ្រប់ស្រទាប់ទាំងអស់ ដើម្បីអភិរក្សសត្វខ្លាធំ ហើយក៏អំពាវនាវដល់អតិថិជនទាំងអស់ឱ្យបញ្ឈប់ការជួញដូរសត្វខ្លាធំ និងសាច់សត្វព្រៃជាបន្ទាន់ និងឱ្យរាជរដ្ឋាភិបាលជួយបង្ក្រាបប្រកបដោយប្រសិទ្ធភាព លើអ្នកដែលដាក់អន្ទាក់នៅក្នុងព្រៃការពារ និងបង្កើនការពិន័យដល់អ្នកដែលដាក់អន្ទាក់ក្នុងព្រៃការពារផងដែរ។ សត្វ ខ្លាំធំមានកន្លែង និងចំណីដែលពួកវាត្រូវការការការពារទីជម្រកការបង្កើនចំនួនសត្វរំពាររបស់វា និងការយកពួកវាទៅដាក់កន្លែងដែលពួកវាធ្លាប់រស់នៅជាការដែលត្រូវធ្វើឱ្យខាងតែបាន»

បន្ថែមពីនេះ លោក សេង ទៀក ក៏បានលើកឡើងពីប្រយោជន៍យ៉ាងសំខាន់របស់សត្វខ្លាធំ ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងៗទៀតនោះ គឺសត្វខ្លាធំ អាចបង្កើនចំណូលថវិកាជាតិ តាមរយៈទេសចរណ៍ទស្សនាសត្វខ្លា។ វាអាចរកចំណូលខ្ពស់បំផុតបើប្រៀបធៀបនឹងការរកចំណូលពីសត្វដទៃទៀត ពីព្រោះថាអ្នកទេសចរ គេចូលចិត្តមើលវាណាស់ គ្រាន់តែសត្វខ្លាធំមួយក្បាលរបស់ប្រទេសឥណ្ឌា អាចរកចំណូលរាប់លានដុល្លារចាក់ចូលសេដ្ឋកិច្ចជាតិ មុននឹងវាបាត់បង់ជីវិត។

យោងតាមរបាយការណ៍របស់អង្គការ WCS បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ មានអន្ទាក់ចំនួន ៦១,៦១១អន្ទាក់ ត្រូវបានយកចេញពីតំបន់ការពារធម្មជាតិ និងរបៀង ជីវៈចម្រុះចំនួន៧២កន្លែង នៅក្នុងប្រទេសកម្ពុជា។ ចំនួននេះមានការកើនឡើង លើសពីចំនួនជាមធ្យមក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ដែលមានចំនួន ៤០,០០០អន្ទាក់ ក្នុងមួយឆ្នាំ។ អន្ទាក់ដែលត្រូវបាន ប៉ាន់ប្រមាណថា មានការប្រើប្រាស់ក្នុងព្រៃនៃប្រទេសកម្ពុជា ហើយវាបានបន្តគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះជីវិតសត្វព្រៃ ជាពិសេសប្រភេទសត្វជិតផុតពូជ ដូចជាសត្វខ្លាធំជាដើម។

គួរជម្រាបថា ក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការជីវិតសត្វស្លាបកម្ពុជា (BirdLife) មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) និងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) និងអង្គការអភិរក្សអន្តរជាតិ CI និងអ្នកពាក់ព័ន្ធ បានបើកយុទ្ធនាការអន្ទាក់សូន្យ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ថ្មីៗនេះ នៅខេត្តមណ្ឌលគិរី៕