(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមក្នុងវេទិកា សេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន នៅថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ដែល Fresh News ទទួលបាននៅថ្ងៃទី២៧ ខែឧសភានេះ។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបរទេសបានឲ្យដឹងទៀតថា បន្ទាប់ពីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក លើកទី២៥ ស្តីពីអាស៊ាន សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅម៉ាឡេស៊ី នៅថ្ងៃទី៣ និងទី៤ ខែមិថុនា ឆ្នាំ២០១៦ តាមការអញ្ជើញរបស់លោក ដាតុ ស្រ៊ី ម៉ូដណាជីប ប៊ិនទុន ហាជី អាប់ឌុល រ៉ាហ្សាក់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីលើកកម្ពស់ និងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំង២។
គណៈប្រតិភូអបដំណើរសម្តេចតេជោ រួមមានលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក្រសួងការបរទេស លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងសមាជិករាជរដ្ឋាភិបាលមួយចំនួនទៀត។
សម្តេចតេជោ ហ៊ុន សែន នឹងរួមជាមួយថ្នាក់ដឹកនាំសំខាន់ៗដទៃទៀត ថ្លែងសន្ទរកថា ក្នុងវេទិកានេះ ក្រោមមូលបទ «ការរៀបចំរបៀបវារៈអាស៊ាន សំរាប់ប្រជាជនទាំំងអស់ និងការរីកចម្រើន» ហើយបន្ទាប់មកសម្តេចតេជោ នឹងអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំអាស៊ាន ក្នុងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំ ពាណិជ្ជកម្មពិភពលោក ស្តីពី «បដិវត្តន៍ឧស្សាហកម្មលើកទី៤ របស់អាស៊ាន»។
ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបចរចាផ្លូវការ ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហើយនាយករដ្ឋមន្ត្រីទាំង២ នឹងធ្វើជាអធិបតីក្នុងពិធីចុះ ហត្ថលេខាលើឯកសារមួយចំនួនដូចខាងក្រោម៖
១-អនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន និងការផ្សាយតាមរលកធាតុអាកាស
២-អនុស្សរណៈយោគយល់ ស្តីពីកម្មវិធីអ្នកស្ម័គ្រចិត្តអន្តរជាតិ MYCORPS នៅកម្ពុជា៕