(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានប្រកាសគាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ និងប្រាប់សមាជិកបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ បម្រើប្រជាពលរដ្ឋឱ្យបានល្អ រួមសាមគ្គីគ្នាឆ្ពោះទៅជោគជ័យ ឆ្នាំ២០២៣។

លោកថ្លែងបែបនេះក្នុងពិធីបិទកិច្ចប្រជុំក្នុងកិច្ចប្រជុំបូកសរុប និងដកពិសោធន៍លទ្ធផល នៃការបោះឆ្នោជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ និងការផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី គណបក្សគ្រប់ថ្នាក់ចូលរួមជាង ១០០០នាក់។

លោក កែ គឹមយ៉ាន បានបន្ថែមថា ការធ្វើវិសោធនកម្មលើកទី១០នេះ គឺដើម្បីបម្រើឧត្តមប្រយោជន៍ជាតិធានាឱ្យដល់ស្ថាប័នជាតិ រាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ ហើយមិនប៉ះពាល់ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើយ។

លោក កែ គឹមយ៉ាន បានបន្តទៀតថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ គិតគូរបំផុតគឺនិរន្តរភាពជាតិ អធិបតេយ្យ ជាតិ រក្សាអាយុជិវិតនិងនៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: រក្សាសន្តិភាពនិងបន្តអភិវឌ្ឍន៍ក្នុងដំណើរឆ្ពោះប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានធ្វើការអំពាវនាវដល់មន្រ្តីគណបក្សគ្រប់ថ្នាក់បន្តចូលរួមជាមួយសម្តេចតេជោ រក្សាសន្តិភាព បន្តបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដោះស្រាយរាល់ សំណើ សំណូមពរប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មាន សុវត្ថិភាព ភូមិឃុំសង្កាត់ស គ្មានគ្រឿងញៀន និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ សំដៅធានាបាននូវសុខសុវត្ថិភាពភាពសុខសាន្តជូនប្រជាពលរដ្ឋ និងដើម្បីអនាគតកូនចៅ និងរួមគ្នាឆ្ពោះទៅដំណ្តើមជ័យជម្នះជូនគណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅឆ្នាំ២០២៣៕