(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា បានអំពាវនាវប្រជាពលរដ្ឋចូលរួមដាំដើមឈើក្នុង១នាក់ឲ្យបាន១ដើមយ៉ាងតិច។ លោកស្រី ឃួន ឃុនឌី បានថ្លែងនៅក្នុងពិធីដាំកូនឈើជាង៥០០ដើម ក្នុងវត្តឥន្ទកុមារ ស្ថិតនៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។

លោកស្រីបានលើកឡើងថា ការរៀបចំឱ្យមានពិធីដាំកូនឈើនេះឡើង ក្នុងគោលបំណងបំផុសស្មារតីការដាំដើមឈើឡើងវិញ បណ្តុះគំនិតថែរក្សា ការពារ ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ និងមួយវិញទៀត ដើម្បីកែលម្អលើកកម្ពស់សោភ័ណភាព ក្លាយជាតំបន់បរិស្ថានបៃតងក្នុងទីវត្តអារាម ហើយការដាំកូនឈើនេះ មិនចាំបាច់តែថ្ងៃប្រាំបួនកក្កដានោះទេ គឺធ្វើបានជារៀងរាល់ថ្ងៃ។

ព្រៃឈើមានតួនាទីសំខាន់ណាស់ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៉ី និងជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ហើយដើមឈើនេះជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត ជាអាយុជីវិតមនុស្ស សត្វ ដែលបានផ្តល់នូវពហុប្រយោជន៍មិនអាចប៉ាន់ប្រមាណបានដល់មនុស្សជាតិ មានតម្លៃខាងសេដ្ឋកិច្ច និងសង្គមជាតិ ជាពិសេសជួយរក្សានូវលំនឹងបរិស្ថានធម្មជាតិ ធ្វើឲ្យធាតុអាកាសមានភាពកាន់តែល្អប្រសើរ។

ជាមួយគ្នានេះដែរ លោកស្រីអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមថែរក្សា ស្រលាញ់ធម្មជាតិ ដែលជាកោសិកានៃសង្គម ត្រូវមានភារកិច្ចចូលរួមថែរក្សាបរិស្ថានឲ្យបានល្អ ដើម្បីភាពរស់នៅប្រកបដោយផាសុកភាព និងសុខភាពល្អប្រសើរ ហើយក្នុងថ្ងៃអនាគតដ៏ខ្លីខាងមុខទីកន្លែងនេះ នឹងអាចក្លាយជាកន្លែងមួយល្អសម្រាប់សម្រាកលម្ហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ បំបាត់អស់ភាពនឿយណាយ អារម្មណ៍តានតឹង និងជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះលោកស្រី ឃួន ឃុនឌី បានថ្លែងអំណរគុណដល់ព្រះតេជគុណ និង ប្រជាពលរដ្ឋដែលបានចូលរួមដាំកូនឈើក្នុងការទប់ស្កាត់ ដោយថ្លែងថា «ការប្រែប្រួលអាកាសធាតុ មិនត្រឹមតែការប្រែប្រួលបរិស្ថានជុំវិញខ្លួនយើងទេ ប៉ុន្តែវាអាចបណ្តាលឲ្យប៉ះពាល់សុខភាពយើងដែរ តាមរយៈការកើនឡើងកម្ដៅ ខ្យល់មិនបរិសុទ្ធ ទឹកមិនស្អាតជាដើម»