(កណ្តាល)៖ លោកកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល បានថ្លែងថា «ទោះបីគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦ ទទួលបាន១២៥អាសនៈក៏ដោយ ក៏យើងទាំងអស់គ្នាត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អខ្លាំងថែមទៀត មិនត្រូវជិះសេះលែងដៃនោះទេ»។

នៅក្នុងពិធីសំណេះ សំណាល ជាមួយប្រជាការពារស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ លោកក៏បានប្រជាការពារបន្តធ្វើអំពើល្អបំរើសេវាសាធារណៈសេវាតម្រូវការជូនប្រជាពលរដ្ឋឱ្យបានល្អត្រឹមត្រូវ ត្រូវបន្តអនុវត្តន៍គោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ឱ្យបានល្អនិងដោយស្មោះត្រង់ កុំធ្វើជាមន្រ្តីជើង១០ ត្រូវធ្វើជាមន្រ្តីជើង២ ចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំ ដើម្បីឱ្យដឹងពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋដោះស្រាយឱ្យបានទាន់ពេលវេលា នៅពេលប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ។

ក្នុងឱកាសនោះដែរ លោក ហ៉ីង ប៊ុនហៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណចំពោះកងកម្លាំងប្រជាការពារអាជ្ញាធរដែនដី និងក្រុមការងារចុះជួយស្រុកទាំងអស់នៅក្នុងស្រុកកណ្ដាលស្ទឹង បានបំពេញការងារបានល្អជូនបក្សនិងបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលុប ធ្វើឱ្យគណបក្សបានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់។ ជ័យជម្នះនេះ បានបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជាមានការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់បានរួមសុក្ខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈក្នុងរយៈពេលជិត៤០ឆ្នាំកន្លងមកនេះ ជាគណបក្សដែលបានសម្រេចសមិទ្ធផលយ៉ាងធំធេងជាប្រវត្តិសាស្រ្តជូនជាតិ និងជាគណបក្សមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសជាតិឱ្យសម្រេចបានជោគជ័យធំៗជាបន្តទៀត។

លោកបន្តថា ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោត គឺជាជ័យជម្នះរបស់ប្រជាជនកម្ពុជាទាំងមូល ដែលស្រលាញ់សន្តិភាពនិងការអភិវឌ្ឍជាជ័យជម្នះនៃកម្លាំងស្នេហាជាតិ និងលទ្ធិប្រជាធិប្បតេយ្យលើរាល់ការប៉ុនប៉ងដែលចង់ផ្លាស់ប្តូរកម្ពុជា ឱ្យវិលទៅរកអស្ថិរភាពការបែកបាក់ជាតិសង្រ្គាមនិងវិនាសសកម្ម។

ក្នុងនោះដែរ លោកកិត្តិបណ្ឌិត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាការពារចំនួន ១៩៧១នាក់ ក្នុងមួយម្នាក់ៗខោអាវមួយកំប្លេឃឹតមួយកញ្ចប់ថវិកា ៥ម៉ឺនរៀល ឧបត្ថម្ភសាលាស្រុក២លានរៀល និងកងកម្លាំង៣ប្រភេទផងដែរ៕