(ស្វាយរៀង)៖ លោក ចាប ភក្តី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា ប្រធានក្រុមការងារចុះជួយឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានដឹកនាំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ និងទិសដៅការងារឆ្ពោះទៅការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំច្រេស។

ក្នុងពិធីនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ក៏មានការចូលរួមពី ក្រុមការងារថ្នាក់កណ្តាល, ខេត្ត, ស្រុក, ឃុំ និងបណ្តាសាខាបក្សភូមិទាំង៨ សរុបចំនួន១២៥នាក់។

ក្រោយពីរបាយការណ៍ស្វាគមន៍របស់លោក អ៊ុច សាវន់ ប្រធានគណៈកម្មាធិការបក្សឃុំច្រេស មានការពិភាក្សាយ៉ាងផុលផុស អំពីសមាជិក សមាជិការអង្គសន្និបាត បញ្ជាក់បង្ហាញអំពីសកម្មភាពការងារកសាងពង្រឹកបក្ស ការគ្រប់គ្រងសមាជិក ឲ្យមានជំនឿជឿជាក់លើការដឹកនាំរបស់គណបក្ស និងបញ្ហាប្រឈមនានា ពិសេសបទពិសោធន៍ ចំណុចខ្លាំង ខ្សោយក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ និងមានការប្ដេជ្ញាបង្កើនសកម្មភាពអប់រំ ណែនាំ ដល់សមាជិកបក្សទាំងអស់ មានជំនឿជឿជាក់ ចូលរួមគាំទ្រគោលនយោបាយ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២៣ខាងមុខ។

នាឱកាសនេះ លោក ចាប ភក្តី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា ប្រធានក្រុមការងារចុះជួយ ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ពិសេសពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់សង្គសន្និបាតទាំងមូល។

លោក ចាប ភក្ដី បានលើកឡើង និងបានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ សមាជិក សមាជិកាបក្សទាំងអស់ ដែលបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងទៅទទួលបានជោគជ័យគួរជាទីមោទនៈបំផុត។ លោកក៏បានដាស់តឿន និងរំលឹកដល់ក្រុមការងារគណបក្សទាំងអស់ ត្រូវបន្តធ្វើនូវសកម្មភាព ដើម្បីឆ្ពោះទៅការបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ សម្រេចបានជោគជ័យជាស្ថាពរ៕