(កណ្តាល)៖ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន, លោក ថេង មករា មេបញ្ជាការកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បានដឹកនាំក្រុមការងារចុះចែកអំណោយ និងថវិកាមួយចំនួនដល់បងប្អូនខ្មែរអ៉ីស្លាមក្រីក្រ ចំនួន ១៥គ្រួសារ និងបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅភូមិគំរូភូមិថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

អំណោយទាំងនេះ ត្រូវបានប្រគល់ជូននាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យធំ, នាយប៉ុស្តិ៍រដ្ឋបាលឃុំសន្លុង រួមទាំងភូមិមេ ភូមិរងភូមិព្រែកថ្មី មួយចំនួនផងដែរ។

នាឱកាសនេះដែរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ក៏បានចុះពិនិត្យផ្ទះគ្រួសារក្រីក្រ ដែលជួបការលំបាកខ្លាំងដែលត្រូវសាងសង់ជូនគាត់ដោយមេបញ្ជាការបានជូនថវិកា ដល់លោកតា ខៀវ យ៉ែម ចំនួន១០ម៉ឺនរៀល ព្រមទាំងឱ្យជាងវាស់វែងធ្វើផ្ទះជូនដល់លោកតាផងដែរ។ បន្ថែមពីនេះ មេបញ្ជាការកងរាជអាវុធហត្ថ រួមទាំងក្រុមការងារ បានបន្តចុះសួរសុខទុក្ខ និងទិញគ្រែ សម្ភារប្រើប្រាស់មួយចំនួនប្រគល់ជូនលោកស្រី ម៉ី វណ្ណី ដែលជាស្ត្រីមាបនជំងឺសសៃប្រសាទរស់នៅម្នាក់ឯងផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ថេង មករា បានពាំនាំនូវសារសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជូនដល់ប្រជាពលរដ្ឋ ជាពិសេសលោកបានក្រើនរំឮកបន្ថែមដល់ពួកគាត់ ត្រូវរស់នៅស្អាត បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ព្រមទាំងណែនាំបន្ថែមពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានការសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល គឺ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជាដើម។

មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានលើកឡើងថា បើទោះបីជាអំណោយដែលនាំយកមកប្រគល់ជូននាពេលនេះមានចំនួនតិចក្តី ក៏ប៉ុន្តែ វានឹងបានចូលរួមចំណែកកាត់បន្ថយការលំបាករបស់បងប្អូនបានមួយគ្រាផងដែរ៕