(សៀមរាប)៖ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួន លោក សុឹង ប៊ុណ្ណា យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្ទាប់ពីមានការសង្ស័យក្នុងករណីផ្ទុះអាវុធកាលពីយប់មិញ។

ហេតុការណ៍ផ្ទុះអាវុធបានកើតឡើង នៅវេលាម៉ោង ២២៖១៦នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សុឹង ប៊ុណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ អ្នកជំនួញ នៅភូមិកើតហេតុខាងលើ។ ជនសង្ស័យបានបាញ់ឡើងលើចំនួន៤គ្រាប់ ដោយអាវុធម៉ាកK59 លេខ2249 ផលិតនៅប្រទេសរុស្សុី។ ក្រោយពីបាញ់ហើយ ជនសង្ស័យបានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយផងដែរ។

ក្រោយពីមានករណីនេះ កម្លាំសមត្ថកិច្ចបានហ៊ុមព័ទ្ធខាងក្រៅតាំងពីយប់រហូត ដល់ម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចចម្រុះ (កងរាជអាវុធហត្ថសហការគ្នា និងនគរបាល) ដឹកនាំសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង ថេង សំណាង ឈានដល់បាននាំខ្លួន ជនសង្ស័យឈ្មោះ សុឹង ប៊ុណ្ណា ភ្ជាប់ជាមួយអាវុធK59 មួយដើមបង់២ គ្រាប់០៦គ្រាប់ យកទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីមានចំណាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ផងដែរ មូលហេតុនៃការបាញ់បោះសេរីពីសំណាក់បុគ្គលឈ្មោះ សុឹង ប៊ុណ្ណា បែបនេះ ផ្ដើមចេញដោយសារខឹងនឹងប្រពន្ធ។
ទោះជាយ៉ាងណាមិនទាន់មានការបំភ្លឺពីភាគីខាងប្រពន្ធ របស់លោក សុឹង ប៊ុណ្ណា នៅឡើយនោះទេ៕