(ម៉ាឡេស៊ី)៖ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានស្នេីសម្ដេច Mohd Ali Mohd Rustam អភិបាលរដ្ឋសហព័ន្ធម៉ាឡាកា នៃប្រទេសម៉ាឡេស៊ី និងជាប្រធានពិភពពម៉ាឡាយូពិភពឥស្លាម ហៅកាត់ថា DMDI ផ្តល់អាហារូបករណ៍បន្ថែមដល់សិស្ស-និស្សិតកម្ពុជាបន្តការសិក្សា នៅតាមសាកលវិទ្យាល័យ នៅរដ្ឋម៉ាឡាកា ប្រទេសម៉ាឡេស៊ី។

សំណេីនេះ ត្រូវបានធ្វេីឡេីងនៅក្នុងឱកាសដែល លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អនុប្រធាន DMDI និងជាប្រធាន DMDI កម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេច Mohd Ali Mohd Rustam នៅព្រះបរមរាជវាំងម៉ាឡាកា ប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។

សម្តេច Mohd Ali Mohd Rustam បានសម្តែងនូវការអបអរសាទរចំពោះ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដែលត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ីប្រទាននូវគ្រឿងឥស្សរិយយស ឥស្សរជនឆ្នើម (Tokoh Ma'al Hijrah) កាលពីរាត្រីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ។

នៅក្នុងជំនួបនេះ ក៏បានពិភាក្សាពីគម្រោងនៃកិច្ចប្រជុំ DMDI ដែលកម្ពុជានឹងធ្វេីជាម្ចាស់ផ្ទះ នាចុងឆ្នាំ២០២២នេះ។ តាមគម្រោង កិច្ចប្រជុំដ៏ធំនេះកម្ពុជានឹងត្រូវទទួលភ្ញៀវបរទេសអញ្ជេីញចូលរួមប្រមាណ ៣០០នាក់។ កិច្ចពិភាក្សាក៏បានផ្តោតលេីការអភិវឌ្ឍសហគមន៍ឥស្លាមនៅកម្ពុជា ក៏ដូចជាការពង្រឹងការប្រតិបត្តិសាសនាឲ្យឈរលេីគោលការណ៍និយមកណ្តាលផងដែរ។

សូមជម្រាបថា DMDI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ នៅប្រទេសម៉ាឡេស៊ី ដើម្បីសាមគ្គីភាពក្នុងចំណោមប្រជាជនមុស្លិមម៉ាឡេ ដូចជាការលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងគ្រប់ទិដ្ឋភាពទាំងអស់ នៃការអភិវឌ្ឍក្នុងចំណោមប្រជាជនមុស្លិមម៉ាឡេ ជាមួយប្រជាជនប្រទេសផ្សេងទៀត ក្នុងពិភពលោក។ នៅឆ្នាំ២០១២ DMDI ក៏បានបង្កើតលេខាធិការដ្ឋានរបស់ខ្លួន នៅកម្ពុជា ដែលមានលោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជាប្រធាន។

សម្រាប់កម្ពុជា តាមរយៈមូលនិធិ DMDI យើងទទួលបានអាហារូបករណ៍សិស្ស និស្សិតបន្តការសិក្សា នៅតាមសកលវិទ្យាល័យ នៅរដ្ឋម៉ាឡាកា និងជួយការងារមនុស្សធម៌ ដូចជាកសាងវិហារ សាលារៀន សិក្ខាសាលា វគ្គបណ្តុះបណ្តាលគ្រូបង្រៀន ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធីស្រាយបួស គម្ពីរអាល់គួរអាន និងជំនួយគ្រោះធម្មជាតិជាដើម។

សមាជិក DMDI មាន២៣ប្រទេស ក្នុងនោះរួមមាន កម្ពុជា, ថៃ, សឹង្ហបុរី, ម៉ាឡេស៊ី, ចិន, ឥណ្ឌូនេស៊ី, អារ៉ាប៊ីសាអ៊ូឌីត, ប្រ៊ុយណេ, ហ្វីលីពីន, ទីម័រ, អង់គ្លេស, ម៉ាដាហ្គាស្កា, អូស្ត្រាលី, អាហ្វ្រិកខាងត្បូង, អេហ្ស៊ីប, បូស្នីហ្ស៊េហ្គោវីណា, ហូឡង់, ម៉ាល់ឌីវ, បង់ក្លាដែស, កាណាដា, ស៊ូរីណាម និងស្រីលង្កា៕