(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកជាថ្មីថា ហាមផ្ដាច់ចំពោះការយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសាររបស់អតិថិជន ជាទ្រព្យបញ្ចាំ។ ប្រសិនបើគ្រឹះស្ថានពាណិជ្ជ នៅបន្តយកអត្តសញ្ញាណប័ណ្ណ របស់អតិថិជនជាទ្រព្យបញ្ចាំ នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មខាងវិន័យ ស្របតាមមាត្រា៥២ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដូចជា ការពិន័យជាប្រាក់ជាដើម។

ការក្រើនរំលឹករបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ជូនអ្នកពាក់ពន្ធ័និងសាធារណៈជន នៅក្នុងស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង គឺស្រុកកំរៀង និងស្រុកភ្នំព្រឹក។

លោក ជា ចាន់តូ បានថ្លែងថា «ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារធនាគារជាតិនៃកម្ពុជា ហាមដាច់ខាតក្នុងការរក្សាលិខិតយថាភូតច្បាប់ដើម របស់អតិថិជនដូចជា អត្តសញ្ញាណប័ណ្ណ ឬ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ធានាលើការផ្តល់ឥណទាន ព្រោះលិខិតយថាភូតទាំងនេះត្រូវបានប្រើប្រាស់ សម្រាប់បញ្ជាក់អត្តសញ្ញាណ បុគ្គល និងស្រង់ស្ថិតិតែប៉ុណ្ណោះ និងពុំមានតម្លៃសេដ្ឋកិច្ចសម្រាប់ការធានាលើឥណទាន ឬ គោលបំណងផ្សេងទៀតនោះទេ។

លោកបានបន្ដថា ដូច្នេះបើគ្រឹះស្ថានណានៅបន្តរក្សាទុកលិខិតយថាភូតច្បាប់ដើម របស់អតិថិជនត្រូវប្រគល់ឲ្យអតិថិជនវិញជាបន្ទាន់ ។

លោកបានថ្លែងបនដ្ថា បន្ទាប់ពីប្រទេសជាតិមានសន្តិភាព ប្រទេសជាតិក៏មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាមួយគ្នានេះសន្តិភាព និងស្ថិរភាពនយោបាយ ក៏បានបង្កបរិយាកាស ដល់ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យធនាគារ និងហរិញ្ញវត្ថុ ទទួលបានអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ផងដែរ។

លោកបានប្ដថា ជាក់ស្ដែងវិស័យធនាគារក៏មានការរីកចម្រើនដូចគ្នា បន្ទាប់ពីមានអាជ្ញាធរ ត្រួតពិនិត្យប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ធ្វើឲ្យការខ្ចីបុលផ្លាស់ប្តូរ ពីការខ្ចីបុលក្រៅផ្លូវការ មកជាការខ្ចីបុលពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីផ្តល់ដល់អ្នកមានតម្រូវការសាច់ប្រាក់ ពិតប្រាកដ និងចៀសវាងការកេងប្រវ័ញ្ច។

លោក ជា ចាន់តូ បានស្នើដល់គ្រប់គ្រឹះស្ថានត្រូវអនុវត្ត តាមឲ្យមានប្រសិទ្ធភាពខ្ពស់ តាមគោលការណ៍ផ្ដល់ឥណទាន ប្រកបដោយការទទួលខុសត្រូវ ដើម្បីឲ្យទទួលបានផលប្រយោជន៍ ទាំងអ្នកប្រើប្រាស់ និងអ្នកផ្ដល់ឥណទាន។

លោក គា បូរាណ សមាជិកក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុ បានថ្លែងថា គិតត្រឹមខែមិថុនាដំណាច់ឆ្នាំ២០២២នេះ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន២២ បាននិងកំពុងផ្តល់សេវាឥណទាន ដល់ប្រជាពលរដ្ឋក្នុងស្រុកកំរៀងចំនួន១២.៩៨១នាក់ ដែលមានផលប័ត្រឥណទានចំនួន ប្រមាណ៦១លានដុល្លារអាមេរិក ក្នុងនោះបានរៀបចំឥណទានឡើងវិញ ជូនអតិថិជនរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ប្រមាណជា០,៥លានដុល្លារអាមេរិក។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» បានធ្វើឡើងរបស់ធនាគារជាតិនៃកម្ពុជានេះ មានសារៈសំខាន់ដើម្បីបន្តអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងពង្រឹងកិច្ចគាំពារអតិថិជន ព្រមទាំង ផ្តល់ជាវេទិកាជូនអ្នកចូលរួមលើកឡើងអំពីបញ្ហាប្រឈម សំណួរ និងសំណូមពរនានា ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ តាមតំបន់មូលដ្ឋាននីមួយៗផងដែរ៕