(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោកស្រី ទោម ចន្ថា នូ ផល្លា សមាជិកាកិត្តិយស កាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះបាននាំ យកអំណោយរបស់ សម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូន បងប្អូនប្រជាពលរដ្ឋចំនួន៨៥ គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់ រលំផ្ទះ និងរបើកដំបូល មកពី០៧ ឃុំក្នុងស្រុកពួក ខេត្តសៀមរាប ក្នុងបរិវេណវត្តពួក ស្រុកពួក ខេត្តសៀមរាប ។
លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា ស្ថានភាពរងគ្រោះដោយខ្យល់កន្ទ្រាក់នេះបានកើតឡើង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦កន្លងមកនេះ បានធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋចំនួន ៨៥គ្រួសារនៅ ក្នុងឃុំមួយចំនួនក្នុងស្រុកពួក ខេត្តសៀមរាប ទទួលរងគ្រោះដោយ ក្នុងនោះបណ្តាលឲ្យរលំផ្ទះចំនួន៣០ ខ្នងនិង របើកដំបូលធ្ងន់ ៥៥ខ្នងផងដែរ ។
ក្នុងនោះគ្រួសាររលំផ្ទះ ទទួលបានអំណោយ សង្ក័សី១០សន្លឹក ថវិកា១០០.០០០រៀល អង្ករ២៥គីឡូក្រាម និងគ្រួសារផ្ទះរបើកដំបូល ទទួលបាន តង់កៅស៊ូ១ផ្ទាំង ថវិកា៣ម៉ឺនរៀល អង្ករ២៥គីឡូក្រាម និងអ្នករងរបួស៤នាក់ ក្នុងម្នាក់ៗទទួលបាន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ឃីត១កញ្ចប់ គ្រួសារសព១នាក់ ទទួលបានថវិកា២០ម៉ឺនរៀល។ ក្នុងនោះលោកបណ្ឌិត ឃឹម ប៊ុនសុង និងលោកស្រី ជាអ្នកឧបត្ថម្ភថវិកាមួយចំនួន ជូនបងប្អូនដែលរងគ្រោះដោយខ្យល់កន្រ្តាក់ផងដែរ៕