(ភ្នំពេញ)៖ ភាសាចិនត្រូវបានមជ្ឈដ្ឋានទូទៅនៅកម្ពុជា កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ហើយភាសា នេះកំពុងក្លាយជាប្រធានបទដ៏សំខាន់មួយ ដែលគ្រួសារភាគច្រើននៅកម្ពុជា យកមកជជែកពិភាក្សាគ្នាក្នុងការផ្តល់ពេលវេលា ជូនដល់សមាជិកគ្រួសារមានឱកាសរៀនសូត្រ។ បច្ចុប្បន្នរលកកម្តៅភាសាចិន បាននិងកំពុងបង្កើន អានុភាពរបស់ខ្លួន តាមរយៈសកម្មភាពឥតឈប់ឈរ របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។
ដោយឡែក ជារៀងរាល់ឆ្នាំ វិទ្យាស្ថានខុងជឺទីស្នាក់ការកណ្តាល ប្រទេសចិនតែងរៀបចំកម្មវិធីស្ពានភាសាចិន ដើម្បីផ្តល់ឱកាសដល់សិស្ស និស្សិតរបស់វិទ្យាស្ថានខុងជឺមកពីបណ្តាប្រទេសនានា ចូលរួមប្រកួតប្រជែងយកជើងឯក ផ្នែកភាសាចិន និងបទពិសោធន៍យល់ដឹងនានាពីវប្បធម៌ ប្រវត្តិសាស្រ្ត និងទំនៀមទម្លាប់នានារបស់ជនជាតិចិន។
រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅសាលសន្និសីទរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីស្ពានភាសាចិន សម្រាប់ជ្រើសរើសនិស្សិតឧត្តមសិក្សាលើកទី១៥ ដើម្បីជ្រើសរើសនិស្សិតឆ្នើមមួយរូបទៅចូលរួមប្រកួតតំណាងកម្ពុជា។
លោកបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ចាប់ពីឆ្នាំ២០១០មក វិទ្យាស្ថានតែងបានរៀបចំកម្មវិធីនេះ ដោយមានការគាំទ្រនិងការឧបត្ថម្ភពី ស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងទទួលបាននូវកិច្ចសហការយ៉ាងល្អពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងការផ្តល់ទីតាំងសម្រាប់ការរៀបចំកម្មវិធី ដ៏មានអត្ថន័យនេះ។
លោក ឆឹង ហុងប៉ ប្រធានការិយាល័យនយោបាយស្ថានទូតចិន ប្រចាំកម្ពុជា បានបញ្ជាក់ពីជំហររបស់ស្ថានទូតចិនក្នុងការគាំទ្រ ដល់បេសកកម្មការងារ របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាមជ្ឈមណ្ឌលចែករំលែកបទពិសោធន៍ ផ្នែកភាសានិងវប្បធម៌ នៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន។
លោកសាមឺឌី ស៊ីវឌ្ឍនា បានបញ្ជាក់ថា កម្មវិធីថ្ងៃនេះ បានបង្ហាញពីសមិទ្ធផលថ្មីមួយទៀត របស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាក្រោម ការជួយជ្រោមជ្រែង និងគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, រាជបណ្ឌិត្យសភាកម្ពុជា, និងបណ្ដាដៃគូអភិវឌ្ឍនានា រួមមានសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សមាគមខ្មែរ-ចិនប្រចាំកម្ពុជាជាដើម។
លោកក៏បានផ្តាំផ្ញើដល់និស្សិតដែល ទទួលជ័យលាភីចេះប្រើប្រាស់ភាសាចិន ប្រកបដោយភាពរលូននិងល្អឥតខ្ចោះរបស់ខ្លួន ពន្យល់ពីសក្តានុភាពរបស់កម្ពុជា និងខិតខំបង្ហាញដល់អន្តរជាតិ នូវអត្តសញ្ញាណដ៏ប្រពៃរបស់ពលរដ្ឋកម្ពុជា ព្រមទាំងចូលរួមជំរុញចលនាទាក់ទាញទេសចរបរទេស ឱ្យកាន់តែច្រើនមកទស្សនាកម្ពុជា។
បើតាមការផ្តល់ព័ត៌មានពីលោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជាក្នុងការរៀបចំកម្មវិធី ស្ពានភាសាចិននេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពរវាងប្រជាជាតិយើងទាំងពីរ កម្ពុជានិងចិន ព្រមទាំងជាការលើកទឹកចិត្ត និងផ្តល់ឱកាសដល់និស្សិត នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និយាយដោយឡែក ដល់និស្សិតកម្ពុជានិយាយរួមក្នុងការបង្ហាញពីសមត្ថភាពភាសាចិន និងទេពកោសល្យសិល្បៈចិន។
គួរបញ្ជាក់ផងដែរថា និស្សិតដែលចូលរួមក្នុងវគ្គផ្តាច់ព្រ័តនេះ មានចំនួន១២រូប (មកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សាកលវិទ្យាល័យមានជ័យ សាកលវិទ្យាល័យបៀលប្រាយ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យមេគង្គកម្ពុជា និងសាកលវិទ្យាល័យឡាយ) ដែលត្រូវបានជ្រើសរើសពីបណ្តាសាកលវិទ្យាល័យនានា ក្នុងប្រទេសកម្ពុជា។ ចំណាត់ថ្នាក់លេខ១បានទៅលើនិស្សិតឈ្មោះ អ៉ីវ ម៉េងលាង និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងចំណាត់ថ្នាក់លេខ២បានទៅលើនិស្សិតឈ្មោះ តាំង យុយគៀត និស្សិតមកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ត្រូវបានជ្រើសរើសជានិស្សិតឆ្នើមប្រចាំឆ្នាំ២០១៦ តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតស្ពានភាសាចិននៅប្រទេសចិន ជាមួយនិស្សិតមកពី១៣៤ប្រទេសទៀត៕