(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងឲ្យដឹងថា ការកោះហៅលើកទី២របស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ គឺជាការបង្ហាញអោយឃើញពីភាពទន់ភ្លន់របស់ស្ថាប័នអយ្យការ និងជាការផ្តល់ឱកាសដល់លោក កឹម សុខា ជាថ្មីម្តងទៀត តែជាការសោកស្តាយដែលសាមីខ្លួន មិនទទួលយកនូវឱកាសនេះ!
អ្នកនាំពាក្យរូបនោះបានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងបន្ថែមថា នៅពេលដែលបុគ្គលម្នាក់មិនចូលខ្លួនតាមការកោះហៅ របស់អយ្យការក្នុងនាមសាក្សីលើកទី១ នោះដំណើរការផ្លូវច្បាប់មួយ អាចចាប់ផ្តើមតាំងពីពេលនោះមកម្ល៉េះ។ សូមពិនិត្យមើលអត្ថបទច្បាប់មាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ គឺបទបដិសេធក្នុងការចូលខ្លួន ដែលទង្វើររបស់លោក កឹម សុខា ពាក់ព័ន្ធនឹងការមិនចូលតាមការកោះហៅក្នុងនាមសាក្សី គឺជាអំពើល្មើសជាក់ស្តែងនឹងមាត្រានេះ!
សកម្មភាពដែលបង្កើតទៅជាបទល្មើសជាក់ស្តែងបែបនេះ នោះនីតិវិធីព្រហ្មទណ្ឌទាក់ទងនឹងបទល្មើសជាក់ស្តែងនេះនឹងត្រូវប្រកាន់យក ដែលនីតិវិធីនេះបានកំណត់ច្បាស់លាស់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា ៨៦ ៨៧ និង១០៦។ ដោយឡែកពាក់ព័ន្ធនឹងអភ័យឯកសិទ្ធិសភា របស់លោក កឹម សុខា ពុំមែនជាឧបសគ្គក្នុងការរារាំងការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួននោះទេ សម្រាប់ទង្វើដែលជាបទល្មើស ជាក់ស្តែងបែបនេះ (សូមពិនិត្យមាត្រា ៨០ រដ្ឋធម្មនុញ្ញ និងមាត្រា ១២ ច្បាប់ស្តីពីតំណាងរាស្ត្រ)។
លោក គឹម សន្តិភាព បានបន្ថែមទៀតថា លោក កឹម សុខា គួរបង្ហាញជំហរគោរពអនុវត្តច្បាប់ ដែលជាកាតព្វកិច្ចមានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា៤៩ ថាប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់!៕