(តាកែវ)៖ លោក សុខ សូកាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ លើកឡើងថា សាមគ្គីភាពជាធ្លុងមួយរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក-ឃុំ គណបក្សស្រុក-ឃុំ និងអាជ្ញាធរស្រុក-ឃុំ គឺនាំមកនូវជោគជ័យដល់គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។

លោកបានបន្តថា តួអង្គទាំងបីខាងលើ គឺជាធាតុផ្សំដ៏សំខាន់ និងចាំបាច់ ដែលធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋស្រុកគិរីវង់កាន់តែប្រសើរឡើងឥតឈប់ឈរហើយរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស ភាពកក់ក្ដៅ និងភាពថ្លៃថ្នូរ ហើយបានបង្កើនទំនុកចិត្តខ្ពស់ចំពោះការដឹកនាំគណបក្សប្រជាជនកម្ពុជា ស្រុកគិរីវង់យើង។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែរ លោក សុខ សូកាន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ គណៈកម្មាធិការគណបក្សស្រុកគិរីវង់ និងគណៈកម្មាធិការគណបក្សឃុំទាំង១២ នៅស្នាក់ការគណបក្សស្រុកគិរីវង់ នាថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២។

កិច្ចប្រជុំនេះក៏មានការចូលរួមជាអធិបតីពីលោកបណ្ឌិត ជីវ កេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ លោក លោកស្រីជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ លោក លោកស្រីជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្តាឃុំទាំង១២ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា សាខាគណបក្សស្រុក និងប្រធានគណៈកម្មាធិការគណបក្សឃុំទាំង១២ សរុបប្រមាណ១៦៦នាក់។

លោក ស៊ុត ខុន អនុប្រធានគណៈកម្មាធិការគណបក្សស្រុកគិរីវង់ បានឡើងអានរបាយការណ៍ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងទិសដៅការងារឆ្ពោះទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា។ ចំណែកលោក តឹក តុងលីម ប្រធានគណៈកម្មាធិការគណបក្សស្រុក បានឡើងអានរបាយការណ៍ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកគិរីវង់។

គួរបញ្ជាក់ផងដែរថា ស្រុកគិរីវង់ មានប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សរុបចំនួន ៥៦.៦៩៦ នាក់ ស្មើ ៨៥,០៣% នៃបញ្ជីបោះឆ្នោត ហើយជាលទ្ធផលគណបក្សប្រជាជនកម្ពុជាទទួលបាន ៤៤,៨១៣សំឡេង ស្មើ ៨០,៦៣% នៃសន្លឹកឆ្នោតបានការ និងទទួលបានអាសនៈក្រុមប្រឹក្សាឃុំ ៧៤/៨៦ ហើយក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានតំណែងមេឃុំ និងជំទប់ទី១ ទូទាំង១២ឃុំ នៃស្រុកគិរីវង់។ ជាមួយគ្នានេះ ក៏ជាមោទនភាពបំផុតដែលឃុំចំនួន២ នៃស្រុកគិរីវង់ គឺឃុំកំណប់ និងឃុំរាមអណ្តើក បានជាប់ក្នុងចំណោមឃុំសង្កាត់ទាំង៥ នៃខេត្តតាកែវ ដែលទទួលបានអាសនៈឈ្នះដាច់៥/៥។

លោក សុខ សូកាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនៅស្រុកគិរីវង់ ដែលបានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត្យ សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។

លោកក៏បានថ្លែងអំណរគុណជូនចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ និងសមាជិក សមាជិកា គណបក្សស្រុក គណបក្សឃុំទាំង១២ និងសាខាបក្សភូមិទូទាំងស្រុកគិរីវង់ ដែលបានរួមសហការខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្ត ពេលវេលា និងធនធានគ្រប់បែបយ៉ាងក្នុងការដឹកនាំ និងបំពេញបេសកកម្មដ៏ឧដុង្គឧត្តម រហូតទទួលបានការគាំទ្រច្រើនលើសលុប និងសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ជោគជ័យជាប្រវត្តិសាស្ត្រនេះបានបន្តមរតកស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលបញ្ញា សុខ អាន ក្នុងការកសាង និងបន្តរក្សាកេរ្តិ៍ឈ្មោះស្រុកគិរីវង់ ជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។

ដើម្បីជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនក្រុមការងារទាំងអស់ និងជាការចូលរួមអបអរសាទរចំពោះលទ្ធផលបោះឆ្នោតនៅស្រុកគិរីវង់ លោក សុខ សូកាន ក៏បានប្រគល់ជូនលិខិតអបអរសាទរ និងរង្វាន់ដល់ឃុំកំណប់ និងឃុំរាមអណ្តើក ដែលបានឈ្នះអាសនៈដាច់៥/៥ ព្រមទាំងជូនលិខិតអបអរសាទរ និងរង្វាន់ជូនដល់ក្រុមការងារគណបក្សតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតដែលជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៥។

ជាមួយគ្នានេះ លោកក៏បានជូនលិខិតថ្លែងអំណរគុណ ជូនដល់ឯកឧត្តមសហប្រធានកិត្តិយស នៃក្រុមការងារចុះមូលដ្ឋានស្រុកគិរីវង់ លោក លោកស្រីជាប្រធានកិត្តិយស ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១២ គណៈកម្មាធិការគណបក្សឃុំទាំង១២ សាខាបក្សចំណុះគណបក្សស្រុកទាំង៥ និងក្រុមការងារយុវជនគណបក្សស្រុកគិរីវង់។

ជាចុងក្រោយនោះ លោក សុខ សូកាន ក៏បានរម្លឹកដល់គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ គ្រប់ជាន់ថ្នាក់ត្រូវអនុវត្តការងារឱ្យបានខ្ជាប់ខ្ជួនតាមទិសដៅការងារដែលបានដាក់ចេញ និងត្រូវក្តាប់ឱ្យជាប់ការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស គឺ «ខិតខំរក្សាប្រៀបឈ្នះ និងបន្តពង្រីកប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧»។

ក្រោយពេលចប់កិច្ចប្រជុំ ក្រុមការងារទាំងអស់បានចូលរួមពិសាអាហារសាមគ្គីរួមគ្នាប្រកបដោយភាពស្និទ្ធស្នាល និងភាតរភាពដ៏រឹងមាំ៕