(ភ្នំពេញ)៖ លោក ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។

ក្នុងញត្តិគាំទ្រនេះ បានគូសបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះ គឺពិតជាបានបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ដើម្បីធានាបាននូវឧត្តមប្រយោជន៍របស់ជាតិ ជាពិសេសធានាបានថា អំណាចនីតិប្រតិបត្តិអាចដំណើរការបានជាប្រក្រតី និងមិនជាប់គាំងនៅគ្រប់កាលៈទេសៈ ក្នុងការបំពេញបេសកកម្មជូនជាតិ និងមាតុភូមិតាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ញត្តិបន្តថា ការធ្វើវិសោធនកម្មនេះពិតជាមានភាពចាំបាច់ ដើម្បីធានាបាននូវការគោរពគោលការណ៍គ្រឹះនៅក្នុងរដ្ឋធម្មនុញ្ញ គឺរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

តាមរយៈញត្តិនេះ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានបដិសេធចំពោះគំនិតទុដ្ឋិនិយមរបស់ក្រុមជនអគតិលើការផ្ដួចផ្តើមការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនាពេលនេះ ដោយគ្មានមូលដ្ឋានច្បាស់លាស់ មិនត្រឹមត្រូវតាមខ្លឹមសារពិតប្រាកដនសំណើវិសោធនកម្មនាពេលនេះ និងជាការលើកឡើងដែលមានចរិតជាការបំភ្លៃការពិតខុសពីខ្លឹមសារពិតប្រាកដទាំងស្រុងនៃសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ។

ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ប្រកាសគាំទ្រយ៉ាងឱឡារិក ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ព្រមទាំងមានសេចក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយម និងទស្សនទានវិជ្ជមានថា គ្រប់ស្ថាប័នជាតិទាំងអស់ នឹងបន្តអនុវត្តយ៉ាងពេញលេញនូវរដ្ឋធម្មនុញ្ញ ជាពិសេសបន្តគាំទ្រ និងចូលរួមថរក្សាការពារសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា៕