(ភ្នំពេញ)៖ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានលើកទី១០រួច នៅរសៀលថ្ងៃទី២៥ ខែឧសភាឆ្នាំ២០១៦ ក្រសួងការពារជាតិឡាវក៏បានបន្តរៀបចំ កិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិនបន្តទៀតដោយបានផ្តោតសំខាន់ទៅលើបញ្ហាសន្តិសុខ និងស្ថេរភាព នៅក្នុងតំបន់ការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តការការពារជាតិ ដោយការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ឱ្យបានកាន់តែប្រសើរឡើង។
លោកឧត្តមសេនីយ៍ឯក ចាន់សាម៉ន.ចាន់យ៉ាឡាត រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានគូសបញ្ជាក់ថា អាស៊ាននិងចិនមានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ និងបានក្លាយជាដៃគូរសន្ទានាឆ្នាំ១៩៩៦ ហើយជាដៃគូរសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ាន។
លោកថា បានបន្តថាឆ្នាំនេះ ជាឆ្នាំពិសេសសម្រាប់យើងទាំងអស់គ្នា និងជាឆ្នាំទី១ បន្ទាប់ពីការប្រកាសសហគមន៍អាស៊ានហើយឆ្នាំនេះ ក៏ជាខួបទី២០ឆ្នាំ នៃទំនាក់ទំនងអាស៊ានចិន ដែលបានចាប់ផ្តើមពីដៃគូរសន្ទនា រហូតដល់ក្លាយជាដៃគូរយុទ្ធសាស្ត្រ។ ប្រទេសចិន នៅតែបន្តយកចិត្តទុកដាក់ចំពោះអាស៊ាន គឺជាអទិភាពទីមួយដ៏សំខាន់ ក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាង ហើយចិនគាំទ្រតួនាទីស្នូលរបស់អាស៊ាន ក្នុងកិច្ចសហប្រតិបត្តការផ្សេងៗ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់បន្ថែមថា ការរីកចំរើនសេដ្ឋកិច្ចអាចកើតឡើងបានទាល់តែមានសន្តិភាព និងស្ថេរភាព។ ដូចនេះយើងត្រូវអោយតំលៃទៅលើសន្តិភាពស្ថេរភាព ក្នុងតំបន់ ដោយត្រូវធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិ បន្ថែមទៀតដើម្បីអោយមានការគោរពគ្នាទៅវិញទៅមក នៅក្នុងតំបន់។
ទាក់ទងទៅនិងបញ្ហាសន្តិសុខវិញ លោក ចាង.វ៉ាន់ឈាន់ បានសង្កត់ធ្ងន់ថា៖ ទន្ទឹមនិងការគំរាមកំហែងសន្តិសុខប្រពៃណី និងសន្តិសុខ មិនប្រពៃណី និងភេរវកម្ម ប្រទេសចិន ចង់ឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម រវាងចិន-អាស៊ាន។
នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន នាពេលនោះ នាយឧត្តមសេនីយ៏ទៀ.បាញ់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន នាពេលនេះបានក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ រវាងអាស៊ាននិងចិន។ ចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសន្តិភាពស្ថេរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តការ និងភាពជាដៃគូរដ៏រឹងមាំរបស់យើង។
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានសំដែងនូវជំនឿជឿជាក់ថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន នឹងកាន់តែប្រសើរឡើងដើម្បីផលប្រយោជន៍ នៃប្រជាជនប្រទេសទាំងពីរ អាស៊ាន និងចិន តាមរយៈការលើកកំពស់សន្តិភាពស្ថិរភាព និងការអភិឌ្ឍន៍នៅក្នុងតំបន់៕