(ភ្នំពេញ)៖ ជនដៃដល់៣នាក់ដែលបានវាយដំ លើតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ២រូប ឱ្យរងរបួសនៅក្បែររបងរដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសចំនួន៤ឆ្នាំ និងពិន័យប្រាក់ក្នុងម្នាក់ៗ ៤០លានរៀល ប៉ុន្តែទោសដែលអនុវត្តនៅក្នុង ពន្ធនាគារនឹងមានរយៈពេល១ឆ្នាំ។
ជនជាប់ចោទ ដែលតុលាការសម្រេចផ្តន្ទាទោសនេះ រួមមានឈ្មោះ ចាយ សារិទ្ធ អាយុ៣២ឆ្នាំ ឈ្មោះ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ និង ឈ្មោះ សុត វណ្ណនី អាយុ៤៥ឆ្នាំ ដែលជាប់ចោទពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៨ និង មាត្រា៤១១នៃក្រមព្រហ្មទណ្ឌ។
ការសម្រេចផ្តន្ទាទោស ជនជាប់ចោទទាំង៣នាក់ខាងលើ បានធ្វើឡើងដោយ លោកចៅក្រម ហេង សុខណា។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ចៅក្រមរូបនេះ បានសម្រេចលើកលែងការចោទប្រកាន់ ក្នុងមាត្រា ៤១១ ដែលចោទពីបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។
សូមជំរាបថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៥ បន្ទាប់ពីមានបាតុកម្មប្រឆាំងនឹង លោក កឹម សុខា អតីតអនុប្រធានទី១ នៃរដ្ឋសភា មានករណីហិង្សា ដែលកើតឡើងលើតំណាងរាស្រ្ត២រូប របស់គណបក្សសង្រ្គោះជាតិ នៅក្បែររដ្ឋសភានោះដែរ។ លោក ញ៉យ ចំរើន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោក គង់ សភា តំណាងរាស្ត្រមណ្ឌលស្វាយរៀង ត្រូវបានមនុស្សមួយក្រុមប្រើហិង្សា បណ្តាលឲ្យរងរបួសយ៉ាងដំណំពេលចេញពីប្រជុំសភា។
អ្នកតំណាងរាស្រ្តទាំងពីររូបប្តឹងអ្នកបង្កហិង្សារលើរូបលោកពីបទ «ប៉ុនប៉ងឃាតកម្មគិតទុកជាមុន» និង «ធ្វើឱ្យខូចខាត ដោយ ចេតនាមានស្ថានទម្ងន់ទោស» ទាមទារសំណងជំងឺចិត្តម្នាក់ចំនួន ១០០លានរៀល។ រហូតដល់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនជាប់ចោទ៣នាក់ខាងលើ ដែលត្រូវបានសាធារណជនចោទប្រកាន់ថា មានការពាក់ព័ន្ធនឹងករណីវាយតំណាងរាស្រ្តនោះ បានចេញមុខសារភាពចំពោះ មុខគណៈកម្មការស៊ើបអង្កេតក្រសួងមហាផ្ទៃ ហើយតុលាការសម្រេចឃុំខ្លួនពួកគេតែម្តង៕