(ភ្នំពេញ)៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណសរសើររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនក្រុមជំនួយការផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

ពិធីសំណេះសំណាល និងចែកប័ណ្ណសរសើរនេះ បានធ្វើឡើងនារសៀលថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ ប្រធានផ្នែក អនុប្រធាន សមាជិក -សមាជិកា និងក្រុមជំនួយការប្រមាណជិត ២០០នាក់។

ថ្លែងក្នុងពិធីនេះ លោក ឃុត ចាន់ដារ៉ា ប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក៏បានមានមតិស្វាគមន៍ និងជំរុញឲ្យបន្តខិតខំការងារស្នូលរបស់គណបក្សបន្ថែមទៀតផងដែរ។ ជាមួយគ្នានេះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បាននាំនូវសេចក្តីថ្លែងអំណរគុណ និងកោតសរសើររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជូនសមាជិក-សមាជិកក្រុមជំនួយការចូលរួមក្នុងកម្មវិធីនេះ ដែលចូលរួមយ៉ាងសកម្មក្នុងការប្រព្រឹត្តនូវអំពើល្អ ពង្រីកនូវកេរ្តិ៍ឈ្មោះ និងកសាងនូវសមាជិកគណបក្សកាន់តែច្រើនឡើងៗនៅផ្នែកក្រសួង-ស្ថាប័ន។

បន្ទាប់មកលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានអញ្ជើញប្រគល់ប័ណ្ណសរសើរជូនដល់ សមាជិក-សមាជិកាក្រុមជំនួយការផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងបានចូលរួមពិសាអាហារសាមគ្គី និងរាំកម្សាន្តក្នុងបរិយាកាសស្និតស្នាល និងសប្បាយរីករាយ៕