(កំពង់ធំ)៖ លោក ថោង ខុន អនុប្រធានក្រុមការងារគណប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំការផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ខ្លឹមសាររបាយការណ៍ពាក់ព័ន្ធផ្សេងទៀត រួមជាមួយកិច្ចប្រជុំជីវភាពប្រចាំខែរបស់គណបក្សស្រុកបារាយណ៍និងស្រុកតាំងគោក ដើម្បីឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។

នាឱកាសនោះ លោក ទិត ចន្ថា អនុប្រធានប្រធានក្រុមការងារចុះជួយស្រុកតាំងគោក បានឡើងរបាយការណ៍ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងទិសដៅការងារឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ នៅក្នុងរបាយការណ៍នេះបានបង្ហាញអំពីកត្តាជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ពិសេសការធានាបានសន្តិភាព និងការអភិវឌ្ឍ រួមទាំងជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កិត្យានុភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជា និងជាស្នូលរបស់គណបក្សប្រជាជនកម្ពុជា ក្រុមការងារគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ មន្ត្រីគណបក្សភាគច្រើនលើសលប់បានខិតខំអស់កម្លាំងកាយកម្លាំងចិត្ត លះបង់ពេលវេលា និងធនធានចុះមូលដ្ឋានផ្សារភ្ជាប់ជិតស្និទ្ធជាមួយប្រជាជន ស្វែងយល់ពីការលំបាករបស់ប្រជាជន និងខិតខំដោះស្រាយសំណូមពររបស់ប្រជាជន។

ជាមួយគ្នានោះ លោក ជា បូរ៉ា អនុប្រធានប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ ក៏បានឡើងអានលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា។

នាឱកាសនោះ លោកប្រធាន ថោង ខុន បានផ្សព្វផ្សាយអំពីទិសដៅអនុវត្តបន្តរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់អង្គប្រជុំ រួមមានដូចតទៅ៖

១. បន្តផ្សព្វផ្សាយដល់ប្រជាជន និងជំរុញឱ្យទៅទទួលការចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់គ្នា។ បន្តការចិញ្ចឹមចលនាដោយចុះជួយដោះស្រាយការលំបាក បញ្ហាប្រឈមនានា និងសំណូមពរផ្សេងៗរបស់ប្រជាជននៅតាមភូមិ ឃុំ។

២. បន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសន្តិសុខនយោបាយឱ្យរឹងមាំនៅគ្រប់មូលដ្ឋាន ដើម្បីបង្កបរិយាកាសល្អប្រសើរក្នុងស្រុក។ ជំរុញថែមទៀតនូវការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ខិតខំទប់ស្កាត់និងបង្ក្រាបសកម្មភាពល្មើសច្បាប់គ្រប់ប្រភេទដែលជះឥទ្ធិពលទៅលើចិត្តសាស្ត្ររបស់ប្រជាជន។

៣. បន្តអប់រំផ្សព្វផ្សាយដល់សមាជិកគណបក្ស និងមហាជនអំពីសមិទ្ធផលលើគ្រប់វិស័យ អំពីជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ អំពីគោលការណ៍ គោលនយោបាយ និងវិធានការនានារបស់គណបក្ស និងរាជរដ្ឋាភិបាល ដើម្បីពង្រឹងជំនឿលើការដឹកនាំរបស់គណបក្សនិងរាជរដ្ឋាភិបាល។

៤. បន្តពង្រឹងការងារត្រួតពិនិត្យគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដឹកនាំរបស់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ជាពិសេសនៅថ្នាក់ឃុំ ភូមិ។

៥. បន្តនិងជំរុញការងារចលនាមហាជននៅគ្រប់ថ្នាក់ គ្រប់ផ្នែក ពិសេសថ្នាក់ស្រុក ឃុំ ត្រូវខិតខំសហការដោះស្រាយរាល់បញ្ហាប្រឈមនៅក្នុងមូលដ្ឋាន បើចាំបាច់ត្រូវស្នើសុំថ្នាក់លើអន្តរាគមន៍ជួយដោះស្រាយ។ បន្តខិតខំពង្រីកជួរសកម្មជនយុវជនរបស់គណបក្សនៅគ្រប់មូលដ្ឋាន និងការពង្រឹងជួរមន្ត្រីវ័យក្មេងសម្រាប់បន្តវេន។

៦. បន្ដធ្វើបច្ចុប្បន្នភាពបញ្ជីរាយនាមសមាជិកគណបក្សតាមគ្រួសារ តាមក្រុម តាមអនុសាខា និងតាមសាខាគណបក្សនៅគ្រប់ភូមិ ឃុំឱ្យចប់សព្វគ្រប់នៅមុនការបោះឆ្នោតឆ្នាំ២០២៣។ បង្កើនការអប់រំមន្ត្រីនៅគ្រប់ថ្នាក់ ទាំងខាងទស្សនៈគោលជំហរ ទាំងអត្តចរិតសីលធម៌របៀបរបបធ្វើការ ឥរិយាបថរស់នៅសមរម្យទទួលបានការស្រឡាញ់ពីប្រជាជន។

៧. បន្តកសាងពង្រីកសមាជិកថ្មី ជាពិសេសផ្តល់អាទិភាពចំពោះយុវជននិងស្ត្រី ពង្រឹងការគ្រប់គ្រងសមាជិកគណបក្សទាំងខាងបរិមាណ និងគុណភាពតាមទិសស្លោក «សមាជិកម្នាក់ជាសំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក» និងបន្តទាក់ទាញសមាជិកគណបក្សផ្សេងមកចូលរួមជាមួយគណបក្សប្រជាជនបន្តទៀត។

៨. បន្តគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នាពេលខាងមុខ៕