(ភ្នំពេញ)៖ សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា ដែលមាន លោក ឡុង សុផាត ជាប្រធានបានចេញញត្តិប្រកាសគាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ របស់កម្ពុជា។

នៅក្នុងញត្តិនោះ បានសរសេរថា ក្នុងនាមសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំសហព័ន្ធ ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន សកម្មជន សមាជិក-សមាជិកាទាំងអស់ របស់សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា សូមធ្វើការគាំទ្រទាំងស្រុង ចំពោះកិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ ដែលបានអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី មាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិទាំងមូល។

សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា ការធ្វើវិសោធនកម្មលើកទី ១០ នៃរដ្ឋធម្មនុញ្ញ និងការអនុម័តច្បាប់ធម្មនុញ្ញបន្ថែមនាពេលនេះ ពិតជាបានធ្វើឡើងក្នុងគោលបំណងជាឧត្តមប្រយោជន៍របស់ជាតិ សំដៅធានាស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចំបងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ ដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តភាពនៅគ្រប់កាលៈទេសៈ ធានាការពារ និងថែរក្សាឱ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិគ្រប់កាលៈទេសៈ ដែលជាគ្រឹះសម្រាប់អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា៕

សូមអានញត្តិគាំទ្រ ដូចខាងក្រោម៖