(ភ្នំពេញ)៖ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងលើការបរិច្ចាក ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស ត្រូវបានអង្គប្រជុំគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុងដោយគ្មានការកែប្រែ នេះបើយោងតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ថ្លែងឲ្យដឹងយ៉ាងដូច្នេះនៅមុននេះបន្តិច។
សូមជំរាបថា គណៈរដ្ឋមន្រ្តី បានចាប់ផ្តើមបើកកិច្ចប្រជុំ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង៨៖៣០នាទី នាថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ដោយមានរបៀបវារៈដូចមានដូចខាងក្រោម៖
* សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស។
* សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញាតិ្តលើ៖
១- ពិធីសារវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
២- កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាល នៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមទាំងពិធីសារចំនួន២។
៣- ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៧ និងទី៨ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម៕