(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា បានបើកកិច្ចប្រជុំមួយដោយពិភាក្សាលើរបៀបវារៈចំនួន៣ ដោយមានការចូលរួមពីតំណាងគណៈកម្មការទាំង១០ នៅក្នុងរដ្ឋសភា ប៉ុន្តែអវត្តមានប្រធានគណៈកម្មការទាំង៥ មកពីគណបក្សសង្រ្គោះជាតិទេ។
របៀបវារៈ ចំនួន៣នោះរួមមាន ទី១. ពិភាក្សា និងពិនិត្យលើ សេចក្ដីព្រាងច្បាប់ចំនួន២ដែលនឹងធ្វើ ការអនុម័ត ក្នុងសម័យប្រជុំពេញអង្គ នាពេលខាងមុខ គឺច្បាប់ស្ដីពី យុត្តិធម៌អនីតិជន និងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសហុងគ្រី ក្នុងការជម្រុញ និងការពារគ្នាទៅវិញទៅមក ក្នុងវិស័យវិនិយោគ។ របៀបវារៈទី២. ពិនិត្យ និងអនុម័តលើរបាយការណ៍របស់អគ្គលេខាធិការ ដែលរាយកាណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ស្ដីពីការ បោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ចំនួន១រូប ដោយមានបេក្ខជនឈរឈ្មោះ ចំនួន៦រូប និងរបៀបវារៈទី៣. អនុម័តជ្រើសរើស កាលបរិច្ឆេទសម័យប្រជុំពេញអង្គរដ្ឋសភា ក្នុងពេលខាងមុខ។ នេះបើតាមការបញ្ជាក់ របស់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា កាលពីម្សិលមិញ។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងមានការចូលរួមដោយអនុប្រធានទី២ នៃរដ្ឋសភា ផងដែរ៕