(ភ្នំពេញ)៖ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ។

ក្នុងញត្តិគាំទ្រនេះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យឯកទេស នៃកម្ពុជា យល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាលើកទី១០ នាពេលនេះ គឺពិតជាមានសារសំខាន់ខ្លាំងបំផុតក្នុងការបំពេញភាពចន្លោះប្រហោងនៃរដ្ឋធម្មនុញ្ញ ដោយពុំបានប៉ះពាល់ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ ក្នុងការធានាឱ្យការដឹកនាំការងារទូទៅរបស់ប្រទេសជាតិដំណើរការទៅដោយរលូន និងមាននិរន្តរភាពទៅអនាគតនៅគ្រប់កាលៈទេសៈ។

គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត សូមប្រកាសគាំទ្រជាឱឡារិកនូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លើកទី១០នេះ។ នេះ គឺជាការសម្រេចដ៏ត្រឹមត្រូវប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការរក្សាបាននូវឯករាជ្យអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមូលដ្ឋានក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាប្រកបដោយចីរភាព។

គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ប្តេជ្ញាចូលរួមការពារសន្តិភាព និងស្ថិរភាពសង្គម ដោយមិនអនុញ្ញាតឱ្យបរទេសទាំងឡាយណា ដែលប៉ុនប៉ងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងបំពានអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជាជាដាច់ខាត និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនជានិច្ចនិរន្តរ៍៕