(ភ្នំពេញ)៖ ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ រយៈពេល៤ ថ្ងៃ ដោយចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។

កិច្ចប្រជុំនេះដឹកនាំដោយលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងកម្ពុជាប្រចាំ AICHR និងជាប្រធានអាយឆា ឆ្នាំ២០២២ និងមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ាន ទាំងអស់ប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ាន ផងដែរ។

លោកស្រី អ៊ុច និពន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងបណ្តឹងនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាជំនួយការលេខាធិការដ្ឋានអាយឆា តំណាងកម្ពុជា បានឱ្យដឹងថា អាយឆា-AICHR គឺជាគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ដែលជាយន្តការ មួយរបស់អាស៊ាន ក្នុងការលើកកម្ពស់ការពារសិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ាន ហើយប្រទេសដែលជាជិកអាយឆា គឺមាន១០ប្រទេស រួមទាំងកម្ពុជា ដែលកិច្ចប្រជុំនេះមានការចូលរួមពីតំណាង ប្រទេសទាំងអស់ រួមទាំងលេខាធិការដ្ឋានអាស៊ានផងដែរ។

បើតាមលោកស្រី អ៊ុច និពន្ធ កិច្ចប្រជុំនេះ នឹងពិនិត្យមើលទៅលើ៖

ទី១៖ របាយការណ៍ប្រចាំឆ្នាំ របស់អាយឆា។
ទី២៖ ទៅលើសកម្មភាពអាទិភាពរបស់់អាយឆា ឆ្នាំ២០២៣។
ទី៣៖ លើរបាយការណ៍វឌ្ឍនៈភាព នៃឯកសារទស្សទាន របស់អាយឆា២០១៩ ដល់២០២២។
ទី៤៖ លើសិទ្ធិកុមារ សិទ្ធិជនមានពិការភាព សិទ្ធិជនជាតិដើមភាគតិច បម្រែបម្រួលអាកាសធាតុ អំពីហិង្សាលើកុមារ ទឹកស្អាត។

លោកស្រីបានអះអាងថា នៅថ្ងៃចុងក្រោយ នៃកិច្ចប្រជុំគឺថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោក កែវ រ៉េមី ក្នុងនាមប្រធានអាយឆា នឹងជួបជាមួយអគ្គលេខាធិការអាស៊ាននៅពេលព្រឹក ហើយនៅពេលរសៀលនឹងដឹកនាំប្រតិភូអាឆា នៃប្រទេសទាំង១០ រួមទាំងលេខាធិការអាស៊ានផង ដើម្បីចូលជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស។

ឆ្លើយតបអ្នកសារព័ត៌មានទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា ដែលទើបតែត្រូវបានប្រហារជីវិតអ្នកនយោបាយប្រឆាំងចំនួន៤នាក់ កាលពីពេលថ្មីៗនេះ លោកស្រីអះអាងថា បញ្ហានេះមិនមាននៅក្នុងរបៀបវារៈនៃកិច្ចប្រជុំទេ។

លោកស្រីប្រាប់ថា ដូចអ្វីដែលយើងបានដឹងហើយ ថ្មីៗនេះមានការប្រហាជីវិត សកម្មជនប្រឆាំងនៅប្រទេសមីយ៉ាន់ម៉ា ហើយក្រសួងការបរទេស ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ហើយជំហររបស់អាយឆាកម្ពុជា គឺគាំទ្រទៅលើសេចក្តីថ្លែងការណ៍របស់ក្រសួងការ បរទេសកម្ពុជា ប៉ុន្តែដោយឡែកនៅក្នុងកិច្ចប្រជុំនេះករណីនេះមិនក្នុងរបៀបវារៈទេ ប៉ុន្តែប្រសិន បើមានការលើកឡើងពីសមាជិកណាមួយ គឺអាចនឹងមានការពិភាក្សាខ្លះដែរ៕