(ភ្នំពេញ)៖ ក្នុងគោបំណងនៃបេសកកម្មស្វែងយល់អំពីស្ថានភាព និងការអភិវឌ្ឍការអប់រំនៅកំរិតឧត្តមសិក្សា និងបង្ហាញអំពីយុទ្ធសាស្ត្ររបស់ AUF ក្នុងតំបន់អាស៊ីប៉ា ស៊ីហ្វិក លោកសាស្ត្រាចារ្យ ឡូរ៉ង់ ស៊ែមេ (Pr.Laurent Sermet) នាយកតំបន់អាស៊ីប៉ាស៊ីហ្វិក បានបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។
លោកសាស្ត្រាចារ្យ ឡូរ៉ង់ ស៊ែមេ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាលើកទី១ ដែលគិតចាប់តាំងពីលោកចូលកាន់តំណែងជានាយកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែឧសភា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា លោកបានជួបសំដែងការគួរសម ជាមួយសមភាគីជាដៃគូរថ្នាក់ដឹកនាំក្រសួង គ្រឹះស្ថាន ឧត្តមសិក្សា និងការទូតនានាជាច្រើន។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ លោក ស៊ែរមេ បានទទួលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ ជាសមាជិករបស់ AUF រួមមាន៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ វិទ្យាស្ថានជាតិអប់រំ សាកលវិទ្យាល័យភូមិន្ទនីតិសាស្តរនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាលាភូមិន្ទរដ្ឋបាល សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។
ក្នុងអំឡុងពេលជួបសន្ទនារបស់លោក ជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យនានា ការផ្លាស់ប្តូរជុំវិញគំរោងនវានុវត្តភាព កិច្ចសហការណ៏លើផ្នែកផ្សេងៗ សុក្រិត្យការ គរុកោសល្យ និងការបណ្តុះបណ្តាលបន្តសំរាប់និស្សិតនិងសាស្ត្រាចារ្យទាំងឡាយ ត្រូវបានលើកឡើងមកពិភាក្សា។
លោកសាស្ត្រាចារ្យ Laurent SERMET ក៏បានជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក Jacques Pellet ក្នុងកិច្ចសន្ទនាបានលើកឡើង អំពីសកម្មភាពសហប្រតិបត្តិការដែលប្រើប្រាស់ភាសា បារាំងផ្សេងៗនៅកម្ពុជា និងលទ្ធភាពសហការណ៏ក្នុងក្របខ័ណ្ឌ នៃគំរោងមូលនិធិមិត្តភាពជាអាទិភាព សំរាប់ការបង្រៀនភាសាបារាំងនៅកម្ពុជា។
លោកនាយកតំបន់ ក៏បានជួបពិភាក្សាការងារជាមួយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចែករំលែកបទពិសោធន៍ជាច្រើន នាពេលលោកស្រីជាសមាជិកក្រុមប្រឹក្សារបស់ AUF។ លោកស្រីក៏បានអញ្ជើញលោកសាស្ត្រាចារ្យ ស៊ែរមេ ចូលរួមក្នុងសន្និសីទ ICC-Angkor របស់អង្គការ UNESCO ដែលនឹងប្រព្រឹត្តិទៅនាខែធ្នូនៅខេត្តសៀមរាប។
លោកសាស្រាចារ្យ ស៊ែរមេ ក៏បានទទួលជួបសំណេះសំណាលជាមួយលោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិកានៃក្រសួងអប់រំយុវជន និងកីឡា ទទួលបន្ទុកការ បណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ STEM នៅកំរិតវិទ្យាល័យនិងសាកលវិទ្យាល័យ។ បន្ទាប់មកលោកបានជួបសំណេះសំណាលជាមួយលោក ឈីវ យីស៊ាង រដ្ឋលេខាធិកាក្រសួងការបរទេសទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកនាយក ក៏បានរាយការណ៍ដោយសង្ខេប នូវជំនួបនានាជាមួយថ្នាក់ដឹកនាំនយោបាយ និងអប់រំនៅកម្ពុជា ផ្តោតលើការប្រើប្រាស់ភាសាបារាំងជាលក្ខណៈវិទ្យាសាស្ត្រ និងស្ថានភាពនៃការបង្រៀន និងរៀនភាសាបារាំង។ លោករដ្ឋលេខាធិការ ក៏បានលើកឡើងនូវព្រឹត្តិការណ៏សំខាន់ៗនានាសំរាប់ការនិយមភាសាបារាំងនៅកម្ពុជា រួមមាន៖ បេសកកម្មសេដ្ឋកិច្ច និងធុរកិច្ចនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ការផ្សព្វផ្សាយព្រឹទ្ធបត្តិពិសេស Cinquantenaire de la Francophonie (1970-2029) ដែលមានអត្ថបទមួយផ្តោតជាពិសេសលើថ្នាក់ដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃ AUF ការផ្សាយរបស់កាសែត RESIFAP ការសម្ពោធន៍មជ្ឈមណ្ឌល ការងារហ្វ្រង់កូហ្វូន (CEF) និងសកម្មភាពនានារបស់ CEF/CNF 5.0នៅកម្ពុជា។
លោកនាយកតំបន់ បានបញ្ចប់បេសកកម្មរបស់លោកដោយការជួបសំណេះសំណាលជាមួយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយបាន លើកឡើងពីការបណ្តុះបណ្តាលប្រកបដោយគុណភាព របស់គ្រូបង្រៀននៅថ្នាក់ពីរភាសាមានសារៈសំខាន់។
លោករដ្ឋមន្ត្រី បានស្នើសុំប្រសិនបើអាចឱ្យបង្កើតបណ្តាញបណ្តុះបណ្តាលជាភាសាបារាំង នៅគ្រប់គ្រឹះស្ថានឧត្តមសិក្សាជាសមាជិក AUF និងនយោបាយពហុភាសា មានអំណោយផលយ៉ាងខ្លាំងនៅកម្ពុជា និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប្រកបដោយចិរភាព។ លោករដ្ឋមន្ត្រីក៏បានផ្តួចផ្តើមរៀបចំសន្និសីទ នាខែសីហា ជាមួយការចូលរួមនៃវាគ្មិនទាំងឡាយ ដែលលមកពីសាកលវិទ្យាល័យជាសមាជិករបស់ AUF ជុំវិញការប្រើប្រាស់ភាសាបារាំងជាលក្ខណៈវិទ្យាសាស្ត្រ វប្បធម៌ និងសេដ្ឋកិច្ចផងដែរ។
នេះបើតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ ឡូរ៉ង់ ស៊ែមេ នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ នៅភោជនីយដ្ឋាន វ័ន ម៉រ៕