(សៀមរាប)៖ លោក សែម សុវណ្ណនី សមាជិកកណ្តាលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយស្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាជូនសមាជិក សមាជិកា គណបក្សស្រុកបន្ទាយស្រី នាសណ្ឋាគារអេមព្រីសអង្គរ ក្នុងក្រុងសៀមរាប។
លោក សែម សុវណ្ណនី បានអានសេចក្ដីជូនដំណឹងស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាជូនដល់អង្គពិធី និងសមាជិក សមាជិកា គណៈបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស។
លោក សែម សុវណ្ណនី បានលើកឡើងថា ជ័យជម្នះយ៉ាងត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាបានសបញ្ជាក់ ពីការបន្តគោរពស្រលាញ់ គាំទ្រ និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលអាចវាយតម្លៃបានថាប្រជាពលរដ្ឋបានប្រើប្រាស់សិទ្ធិរបស់ខ្លួនមិនចាញ់បោកការឃោសនាភូតកុហករបស់ជនអគិតមួយចំនួនទោះបីជាក្រុមទាំងនោះប្រើប្រាស់នូវមធ្យោបាយទុច្ចរិត និងឃោសនាពិសពុលយ៉ាងណាក៏ដោយ។
លោកបានបន្ថែមថា កត្តាដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកដ៏ធំធេង ពីសំណាក់ក្រុមការងារគ្រប់ជាន់ថ្នាក់របស់គណបក្ស ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ទើបទទួលបានលទ្ធផលដ៏គាប់ប្រសើរបែបនេះ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា, លោក សែម សុវណ្ណនី សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ជាលើកទី១០ របស់កម្ពុជា។
វិសោធនកម្មរដ្ឋធម្មនុញ្ញលេីកទី១០នេះ និងមានសេចក្តីសង្ឃឹមប្រកបដោយទស្សនទានជាវិជ្ជមានគ្រប់ស្ថាប័នជាតិទាំងអស់ និងបន្តអនុវត្តយ៉ាងពេញលេញនូវរដ្ឋធម្មនុញ្ញ ជាពិសេសបន្តគាំទ្រចូលរួមថែរក្សាការពារសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដេីម្បីធានាបាននូវនិរន្តរភាពសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពសង្គម។
ការធ្វើវិសោធនកម្មនេះ គឺដើម្បីបម្រើឧត្តមប្រយោជន៍ជាតិធានាឱ្យដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូនស្ថិរភាព និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ៕