(ភ្នំពេញ)៖ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃម្សិលមិញ បានចេញដីកាសន្និដ្ឋានបញ្ជូនរឿង ឲ្យស៊ើបសួរ (ចោទប្រកាន់) ចំពោះករណីលោក កឹម សុខា ទាក់ទងនឹងអំពើសញ្ចារកម្ម។

នៅក្នុងដីកានោះ ព្រះរាជអាជ្ញារង សៀង​​ សុខ បានសម្រេចដាក់លោក កឹម សុខា អាយុ៦៣ឆ្នាំ ជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម កើតនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៥៣ ទីកន្លែងកំណើត ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវរបស់តុលាការ។ ការដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវនេះ ធ្វើឡើងបន្ទាប់ពីលោក កឹម សុខា បានបដិសេធចូលខ្លួនតាមការកោះរបស់អយ្យការចំនួន២លើក។

សូមជំរាបថា នៅរាត្រីថ្ងៃទី២៦ ខែឧសភានេះ អង្គភាពព័ត៌មាន Fresh News ទទួលបានសេចក្តីថ្លែងការណ៍ចំនួន២សន្លឹករបស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ពិនិត្យឃើញថា ការប្រព្រឹត្តរបស់លោក កឹម សុខា ដែលមិនបានចូលខ្លួនមកបំភ្លឺ តាមការកោះហៅរបស់តំណាងអយ្យការទាំងពីរលើកនេះ គឺជាបទល្មើសតាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយ ជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្រប​ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»

ផែ្អកលើមូលដ្ឋាននៃអំពើល្មើសខាងលើ និងការអនុវត្តយ៉ាងត្រឹមត្រូវតាមបទប្បញ្ញត្តិ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចាត់នីតិវិធីបន្ត ​ក្នុងក្របខណ្ឌនៃបទល្មើសជាក់ស្តែងភ្លាមបន្ទាប់ពី លោក កឹម សុខា ខកខានមិនបានចូលខ្លួនជាលើកទី២ តាមដីកាកោះហៅ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្នើសុំមន្រ្តីនគរបាលយុត្តិធម៌ ដើម្បីអនុវត្តការស្វែងរក និងការចាប់ខ្លួនលោក កឹម សុខា មកចំពោះមុខអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងក្របខណ្ឌនៃការស៊ើបអង្កេតបទល្មើសជាក់ស្តែង។

ផែ្អកលើនីតិវិធីនៃបទល្មើសជាក់ស្តែងខាងលើ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក កឹម សុខា ពីបទ «បដិសេធ ក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕