(មណ្ឌលគិរី)៖ គិតត្រឹមខែមិថុនា ក្នុងឆមាសទី១ ដើមឆ្នាំ២០២២នេះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរៀបចំកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិសរុបចំនួន ៧០ករណី ក្នុងនោះបានពិន័យអន្តរការណ៍ចំនួន ០៧ករណី និងបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តមណ្ឌលគិរីចំនួន ៦៣ករណី ស្របតាមនីតិវិធីច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងបទបញ្ញត្តិច្បាប់ដែលពាក់ព័ន្ធ។
បើតាមយោងតាមរបាយការណ៍សង្ខេប លោក កែវ សុភ័គ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តមណ្ឌលគិរី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ដោយមានការចូលរួមពីរដ្ឋបាលខេត្ត អង្គការដៃគូ សិស្សានុសិស្ស និងបងប្អូនប្រជាសហគមន៍។
លោកបានឱ្យដឹងថា នៅក្នុងខេត្តមណ្ឌលគិរី មានតំបន់ការពារធម្មជាតិចំនួន៥ និងរបៀងអភិរក្សជីវៈចម្រុះឦសានចំនួន១ ក្នុងនោះរួមមានទី១៖ ដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃដី ២៩២,៦៩០ហិកតា, ទី២៖ ដែនជម្រកសត្វព្រៃភ្នំព្រេច មានផ្ទៃដី ២២២,៥០០ហិកតា, ទី៣៖ ដែនជម្រកសត្វព្រៃភ្នំណាមលៀរ មានផ្ទៃដី ៤៥,៩៥៩ហិកតា, ទី៤៖ ដែនជម្រកសត្វព្រៃស្រែពក មានផ្ទៃដី ៣៧២,៩៧១ហិកតា, ទី៥៖ ដែនជម្រកសត្វព្រៃលំផាត់ (ភូមិសាស្ត្រមណ្ឌលគិរី) មានផ្ទៃដី ៤៨,៣៧៤ហិកតា និងរបៀងអភិរក្សជីវៈចម្រុះឦសាន មានផ្ទៃដី ១៧៧,៨៧៦ហិកតា។
លោក កែវ សុភ័គ បានគូសបញ្ជាក់បន្ថែមថា នៅក្នុងរយៈកាល៣ឆ្នាំចុងក្រោយនេះ ពោលគឺគិតចាប់តាំងពីឆ្នាំ២០១៩ ដល់ចុងឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបង្កើតក្រុមការងារអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសសត្វព្រៃចល័ត ក្នុងនោះបានបង្ក្រាបករណីដឹកជញ្ជូនសាច់សត្វព្រៃ តាមរថយន្តចំនួន១ករណី, បញ្ជូនទៅសាលាដំបូងខេត្ត និងត្រួតពិនិត្យទីតាំងអាហារដ្ឋាន រមណីយដ្ឋាន និងភោជនីយដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី សរុប៣៣ទីតាំង ជាប់ជាប្រចាំ
ក្នុងនោះបានសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានពិន័យអន្តរការណ៍សរុប ៣ករណី, ដកហូត សង្គ្រោះសត្វព្រៃរស់ជាច្រើនក្បាលចម្រុះប្រភេទ និងលែងឱ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញមួយចំនួន និងមួយចំនួនទៀតប្រគល់ជូនមជ្ឈមណ្ឌលភ្នំតាម៉ៅ និងមជ្ឈមណ្ឌល ACCB ដើម្បីស្ដារលទ្ធភាពនីតិសម្បទាឡើងវិញប្រមាណជាង១០ក្បាល ក្នុងនោះមានទាំងកូនខ្លាឃ្មុំតូច ស្វាកន្ទុយស ត្រដក់តូច ទោចថ្ពាល់លឿងជាដើម។ល។
បន្ថែមពីនេះ ប្រធានមន្ទីរបរិស្ថានរូបនេះ បានឱ្យដឹងថា ទន្ទឹមនឹងវិធានការទប់ស្កាត់បទល្មើសសត្វព្រៃចល័ត, មន្រ្តីឧទ្យានុរក្ស ក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការចុះដោះប្រមូល និងសាខ្សែអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិដោយគិតត្រឹមឆមាសទី១ ដើមឆ្នាំ២០២២នេះ មន្ត្រីឧទ្យានុរក្ស បានដកហូតវត្ថុតាងរួមមាន៖ រណារយន្តសរុប ២៤៥គ្រឿង, ដោះប្រមូល និងសាអន្ទាក់ខ្សែកាបចំនួន ៨៦១ខ្សែ, អន្ទាក់ខ្សែពួរ ចំនួន ១,៩១០ខ្សែ, អន្ទាក់ឆក់ប្រវែង ៧៥០ម៉ែត្រ, ដកហូតភ្លើងកែច្នៃចំនួន ១៩ដើម និងកាំភ្លើងឆ្នុកដូងចំនួន ០៣ដើម, ដកហូតកាំភ្លើង AK ចំនួន០២ដើម និងអាវុធ CKC ចំនួន១ដើម។
ឆ្លៀតក្នុងឱកាសនេះ លោកបានដាក់ចេញបន្ថែមនូវចំណាត់ការដ៏ម៉ឺងម៉ាត់ចំពោះជនទាំងឡាយណាដែលនៅតែធ្វើសកម្មភាពដាក់អន្ទាក់ បរបាញ់ និងជួញដូរសត្វព្រៃគ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិ និងនៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី គឺការអនុវត្តច្បាប់របស់មន្ត្រីឧទ្យានុរក្ស នឹងនៅតែមានស្មារតីពង្រឹងការអនុវត្តច្បាប់ និងការចុះដើរល្បាត ក្នុងបុព្វហេតុការពារ និងអភិរក្សសត្វព្រៃ និងជីវៈចម្រុះ ស្របតាមគោលបំណង និងគោលដៅនៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ការពារធម្មជាតិលែងកើតមានទៀតហើយ តែនៅមានបទល្មើសទ្រុងទ្រាយតូចៗកើតឡើងដែលសមត្ថកិច្ចក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។ ក្រសួងបរិស្ថាននឹងបន្តបេសកកម្មរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
លោក នេត្រ ភក្រ្តា បានអំពាវនាវសាជាថ្មីថា ប្រសិនបើគ្មានតម្រូវការក៏គ្មានការផ្គត់ផ្គង់អ្នកដែលនិយមពិសារសាច់សត្វព្រៃ គួរបោះបង់ទម្លាប់ហូបសាច់សត្វព្រៃ និងកុំជឿថាសត្វព្រៃជាថ្នាំប៉ូវកម្លាំង ឬជាឱសថព្យាបាលជំងឺ។ ផ្ទុយមកវិញលោកថាសាច់សត្វព្រៃអាចបង្កហានិភ័យខ្ពស់ចំពោះសុខភាពរបស់អ្នកពិសារ ព្រោះសាច់សត្វព្រៃគ្មានការពិនិត្យត្រឹមត្រូវ និងបង្កប់ដោយមេរោគសាហាវៗ។
បើតាមលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងថា សត្វព្រៃ ធនធានធម្មជាតិពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍គោលដៅទេសចរណ៍ធម្មជាតិវ័យចំណាស់ ក៏ប៉ុន្តែ បទល្មើសធនធានធម្មជាតិ បរបាញ់សត្វព្រៃនៅខេត្តមណ្ឌលគិរី នៅតែមានបញ្ហាប្រឈម ដូច្នេះ ត្រូវទាមទារឱ្យគ្រប់ភាគីទាំងអស់ចូលរួមទប់ស្កាត់ការដាក់អន្ទាក់ ការបរបាញ់សត្វ និងការជួញដូរសត្វព្រៃ ព្រមទាំងការបំផ្លាញធនធានធម្មជាតិជាដើម។
លោកបានបន្តថា ការជួញដូរសត្វព្រៃ បានបង្កផលប៉ះពាល់ជាវិជ្ជមានដល់សត្វព្រៃគ្រប់ប្រភេទដូចជា៖ ទន្សោង ប្រើស ក្តាន់ ខ្ទីង ព្រមទាំងសត្វព្រៃផ្សេងៗទៀតជាដើម។ល។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តមណ្ឌលគិរី លោកបានប្រកាសគាំទ្រពេញទំហឹងចំពោះយុទ្ធនាការអន្ទាក់សូន្យ ដែលផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថាន និងអង្គការដៃគូនានា ជាពិសេសនឹងបន្តផ្សព្វផ្សាយសារសំខាន់ៗ ដើម្បីធ្វើយ៉ាងណាបំបាត់អន្ទាក់ ការបរបាញ់សត្វព្រៃ និងការបរិភោគសាច់សត្វព្រៃគ្រប់ប្រភេទ ដើម្បីរក្សាវត្តសត្វព្រៃសម្រាប់ជាប្រយោជន៍ទេសចរណ៍នៅកម្ពុជា៕