(កណ្តាល)៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា សមាជិកគណ:អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ នៃគណ:អចិន្ត្រៃយ៏ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សប្រជាជកម្ពុជាស្រុកលើកដែក។

នាឱកាសនេះផងដែរក៏មានការអញ្ជើញចូលរួមពី លោកស្រី ជាអនុប្រធានគណៈអចិន្រ្តៃយ៍ សមាជិក សមាជិកានៃក្រុមការងារទទួលបន្ទុកឃុំ-ភូមិ រួមទាំងគណៈកម្មាធិការបក្សក្នុងជួរគណបក្សស្រុក-ឃុំ ក្រុមការងារស្រ្តី និងយុវជនជុំវិញស្រុក សរុបប្រមាណ ២៥០នាក់។

ជាកិច្ចចាប់ផ្តើម អង្គពិធីបានធ្វើការគោរពទង់ជាតិ ទង់បក្ស និងគោរពវិញ្ញាណក្ខន្ធ។ បន្ទាប់មកទៀត លោក ចាប ច័ន្ទវិទ្យា ប្រធានគណបក្សស្រុកលើកដែក បានឡើងអានទាំងស្រុងនូវសេចក្តីជូនដំណឹងដែលចេញផ្សាយជាចំហរដោយគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជូនដល់អង្គពិធី។

បន្ទាប់ពីបានស្តាប់នូវសេចក្តីជូនដំណឹងរួចមក លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានប្រសាសន៍សំណេះសំណាលបន្ថែមទៅកាន់អ្នកចូលរួម ដោយបានអំពាវនាវអោយសមាជិកទាំងអស់ក្តាប់ឱ្យជាប់នូវខ្លឹមសារសំខាន់នៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ កាលពីថ្ងៃទី ១៦-១៧ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំមិនមែនជាសមាជិកគណៈកម្មាធិការកណ្តាល សរុបជាង៣ពាន់នាក់និងបានសម្រេចជាលទ្ធផលសំខាន់ៗ ចំនួន ៧ចំណុច ដើម្បីតម្រង់ទិសសម្រាប់ការអនុវត្តរបស់ខ្លួន ទៅថ្ងៃខាងមុខ។

លោកស្រី បានគូសបញ្ជាក់បន្ថែមអំពីសន្និបាតដែលបានប្រព្រឹត្តទៅដោយរលូន ឈរលើស្មារតីឯកភាព ប្រជាធិបតេយ្យ និងការទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ អង្គសន្និបាតបានពិនិត្យ វាយតំលៃទៅលើរបាយការណ៍លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានសំលេងគាំទ្រយ៉ាងច្រើនលើសលុប ធ្វើឱ្យគណបក្សទទួលបានជ័យជម្នះដ៏ត្រចះត្រចង់។

លោកស្រីបានមានប្រសាសន៍បន្ថែមថា ជោគជ័យនេះសរបញ្ជាក់ឱ្យឃើញពីភាពចាស់ទុំនយោបាយនៃដំណើការប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា ដោយការបោះឆ្នោតត្រូវបានប្រព្រឹត្តទៅយ៉ាងជាប់លាប់តាមពេលវេលាកំណត់ និងរក្សាបាននូវភាពចម្រុះខាងនយោបាយនៅគ្រប់កម្រិត។ ទនឹ្ទមនឹងនេះ អង្គសន្និបាតក៏បានបញ្ជាក់ជាឱឡារិកនូវការគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។

ជាងនេះទៅទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺគណបក្សមានផែនការ ទិសដៅ និងចក្ខុវិស័យដ៏វែងឆ្ងាយ ប្រកបដោយសាមគ្គីភាពគ្នា ជាធ្លុងមួយ ក្នុងការបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជារយៈពេលយូរអង្វែងទៅមុខ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ក៏បានជម្រាបជូនដែរថា សន្និបាតនាពេលនោះបានធ្វើការកត់សម្គាល់នូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ផ្សេងៗ ដែលបណ្តាលមកពីកត្តាខាងក្នុង មានដូចជាក្រុមពួកជ្រុលនិយម ដែលជារឿយៗតែងតែបង្ករអស្ថិរភាពនយោបាយ ប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម។ ក្រៅពីកត្តាខាងក្នុង កម្ពុជាក៏រងនូវសំពាធពីការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរបស់ប្រទេសមហាអំណាច ដែលធ្វើអោយសណ្តាប់ធ្នាក់ពិភពលោកធ្លាក់ទៅរកភាពមិនប្រាកដប្រជា គ្រោះថ្នាក់ និងប្រែប្រួលយ៉ាងឆាប់រហ័ស។

លោកស្រី បានលើកឡើងពីជ័យជម្នះដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ៦ ដែលទទួលបានអាសនៈទាំងស្រុងក្នុងរដ្ឋសភាជាតិ។ ជ័យជម្នះនេះគឺដោយសារថ្នាក់ដឹកនាំគណបក្សនយោបាយដទៃមិនស្មោះត្រង់ ភក្តីភាព បម្រើប្រជាពលរដ្ឋ បានតែនិយាយ ញ៉ុះញ៉ង់ បង្កហេតុអាក្រក់ តែផ្ទុយទៅវិញ ក្បាលម៉ាស៊ីនគណបក្សនោះមិនដែលរស់នៅរួមសុខ រួមទុក្ខជាមួយពលរដ្ឋកម្ពុជាឡើយ។ ពួកគេតាំងទីលំនៅជាអចិន្រ្តៃយ៍នៅបរទេស និងធ្វើទុក្ខបុកម្និញរាស្រ្តខ្មែរមិនឈប់ឈរគ្រប់វិធីសាស្រ្ត ផ្ទុយស្រលះពីគំនិតស្នេហាជាតិ។ ក្រុមជ្រុលនិយមផ្កាប់មុខអស់ទាំងនោះបានបង្កនូវភាពចលាចលគ្រប់រូបភាព ឧបាយកល មិនឈប់ឈរ ដែលជាការណ៍មួយប្រមាថ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាព បញ្ចេញមតិ បោះឆ្នោតជ្រើសរើសគណបក្ស ដែលប្រជាជនមានជំនឿចិត្តស្រលាញ់។

លោកស្រីបានលើកឡើងបន្ថែមថា រឿងអកុសលបន្ថែមមួយទៀតបានកើតឡើងនៅកម្ពុជាក្នុងដើមឆ្នាំ ២០២០ មកទល់ពេលនេះ គឺការឆ្លងរាតត្បាតមេរោគកូវីត-១៩ ដ៏កាចសាហាវ។ បញ្ហាកូវីត-១៩ គឺជាបញ្ហាសកល ដែលជាមហន្តរាយដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តមនុស្សជាតិសម័យទំនើប។ កូវីត-១៩ បានធ្វើឱ្យពិភពលោកទាំងមូលធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច សង្គម សុខមាលភាពរបស់ប្រជាជន។ តួរយ៉ាង កម្ពុជាដែលកំណើតសេដ្ឋកិច្ចធ្លាប់តែមានស្ថិរភាពលំនឹង ៧% ក្នុង ១ឆ្នាំ បានធ្លាក់មកត្រឹម ៣% ក្នុង ១ ឆ្នាំ។ ជាមួយគ្នានេះដែរ ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តផ្ការី ពោលគឺចាក់វ៉ាក់ស៊ាំងឱ្យជោគជាំដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍។ នេះជាមោទនភាព និងភាពជោគជ័យមួយរបស់កម្ពុជា ដោយកូវីត-១៩ មិនបានសម្លាប់មនុស្សច្រើន ធៀបទៅនឹងប្រទេសនានាលើសកលលោក។ ជាងនេះទៅទៀត កម្ពុជាក៏បានស្តារខ្លួនឡើងវិញយ៉ាងឆាប់រហ័សក្រោយវិបត្តិកូវីត-១៩ ធ្វើឱ្យប្រជាពលរដ្ឋមានលំនឹងជីវភាពឡើងវិញ តាមបែបគន្លងថ្មី។

ក្រោយពីការស្តាប់សេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជារួចមក សមាជិក សមាជិកានៃគណបក្សប្រជាជនទូទាំងស្រុកលើកដែក បានជ្រួតជ្រាប និងយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃអង្គសន្និបាតនេះ និងបានធ្វើការប្តេជ្ញាចិត្តខិតខំពុះពារបន្តធ្វើយ៉ាងណាបម្រើការពារផលប្រយោជន៍ប្រជាពលរដ្ឋ ឈានឆ្ពោះទៅរកជ័យជម្នៈក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕