(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែឧសភានេះថា រដូវធ្វើស្រែចំការបានឈានចូលមកដល់ហើយ ដូច្នេះសូមបងប្រជាកសិករ ចាប់ផ្តើមភ្ជួរាស់ ដាស់ដី និងត្រៀមពូជសម្រាប់ បង្កបង្កើនផលនៅដើមឆ្នាំនេះតទៅ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចថា «ភ្លៀងចាប់ផ្តើមធ្លាក់មកជាបណ្តើរៗហើយ តាមតំបន់ និងខេត្តមួយចំនួន បន្ទាប់ពីជួបគ្រោះរាំងស្ងួតអស់មួយរយៈ។ នៅពេលដែលមានភ្លៀងធ្លាក់មកនេះ គឺជាឱកាសដ៏ល្អ សម្រាប់ប្រជាកសិករ ក្នុងការចាប់ផ្ដើមភ្ជួរាស់ ដាស់ដី និងត្រៀមពូជសម្រាប់ចាប់ផ្ដើម ធ្វើស្រែចំការពីដើមឆ្នាំនេះតទៅ។ ទន្ទឹមនឹងការចាប់ផ្តើមធ្វើស្រែចំការ សូមបងប្អូនត្រងទឹកទុក ប្រើប្រាស់កុំឲ្យមានការខ្វះខាត»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្តីសង្ឃឹមថា ក្នុងឆ្នាំនេះ ទិន្នផលរបស់ប្រជាកសិករនឹងបានផលល្អប្រសើរច្រើន នេះបើយោងទៅតាមប្រផ្នូល នៃគោឧសភរាជបរិភោគ ស្រូវ ពោត និងសណ្ដែក ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លកាលពីពេលថ្មីៗនេះ តែទោះបីជាយ៉ាងណាក៏ដោយ សម្តេចសង្ឃឹមជឿជាក់ថា ប្រជាកសិករយើងនឹងបង្កើនការខិតខំប្រឹងប្រែងខ្លាំងថែមទៀត ក្នុងវិស័យកសិកម្មនេះ៕