(ភ្នំពេញ)៖ អង្គការអេដ អេ អាក់ស្យុង និងសាលាអាយលីដអន្តរជាតិ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា និងប្រគល់សម្ភារសិក្សា ជូនដល់កុមារដែលបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២១-២០២២។
កម្មវិធីប្រគល់វិញ្ញាបនបត្រនេះ មានការចូលរួមដោយ លោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក វន សំភាស់ ដែលជានាយកប្រចាំប្រទេសនៃ អង្គការ អេដ អេ អាក់ស្យុង និងលោកនាយកសាលា អាយលីដ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស និងឪពុកម្តាយសិស្សជាច្រើននាក់។
តាមរយៈកិច្ចខិតខំកន្លងមក សម្ព័ន្ធភាពដើម្បីការអប់រំកុមារតូច ដែលជាផ្នែកមួយនៃសហគា្រសសង្គម អាយ លីដ ដើម្បីការអប់រំ បានគាំទ្រការងារអប់រំដល់សាលាសហគមន៍នៅតាមខេត្តកណ្តាល តាកែវ ព្រៃវែង កែប កំពត ព្រះសីហុន និងខេត្តកោះកុង។
ក្នុងភាពជាដៃគូសម្ព័ន្ធភាពដើម្បីការអប់រំកុមារ ដែលស្ថិតក្នុងគម្រោង «ការលើកកម្ពស់ការអប់រំកុមារតូច និងឪពុកម្តាយប្រកបដោយគុណភាព និងបរិយាបន្ន» ក្នុងឆ្នាំសិក្សា ២០២១-២០២២ បានកសាង និងជួសជុលអគារសិក្សា និងមត្តេយ្យសិក្សាសហគមន៍ចំនួន ៤១កន្លែង ថ្នាក់រៀនចំនួន ៥៤បន្ទប់ ត្រូវបានជួសជុលឡើងវិញ។ តាមរយៈកម្មវិធីនេះ កុមារកម្ពុជាចំនួន ៦,៥០០នាក់ (ស្រី ៣,៦៩៧ នាក់) បានទទួលសម្ភារសិក្សាគ្រប់គ្រាន់ ដែលក្នុងនោះកុមារចំនួន១,៧៥០ នាក់ (ស្រី ៧៨៧ នាក់) បានទទួលអាហារូបករណ៍សម្រាប់គាំទ្រការសិក្សា។
សហគ្រាសសង្គមអាយលីដ ដើម្បីការអប់រំ គឺជាដៃគូមួយរបស់សម្ព័នភាព ហើយក៏ជាសហគ្រាសសង្គមមិនដើម្បីប្រាក់ចំណេញ បង្កើតឡើងដើម្បីផ្តល់គុណភាព ស្តង់ដារអន្តរជាតិពីចក្រភពអង់គ្លេស ដែលមានប្រព័ន្ធអប់រំជាពីរភាសា ដំណើរការដោយទទួលអជ្ញាប័ណ្ណពី Field Work Education ដែលបានជាសាលាមួយក្នុងចំណោមសាលាទាំង១,០០០ នៅលើពិភពលោកបាននូវអជ្ញាប័ណ្ណ។
ក្រៅពីនេះប្រាក់ចំណេញ ដែលបានមកពីសាលាអាយលីដអន្តរជាតិ នៃសម្ព័ន្ធភាពដើម្បីការអប់រំកុមារតូច ក៏ត្រូវបានប្រើប្រាស់សម្រាប់ផ្តល់ជាអាហារបំប៉នដល់កុមារតូចចំនួន ២០០នាក់ ជាប្រចាំថ្ងៃផងដែរ ក៏ដូចជា សាងសង់កន្លែងលាងដៃចំនួន១៦៥ សម្រាប់ពួកគាត់ប្រើប្រាស់ផងដែរ។
ជាមួយគ្នានេះដែរ លោក វន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការ អេដអេ អាក់ស្យុង ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «យើងទាំងអស់គ្នារួមគ្នា ធ្វើឲ្យការរៀនសូត្រពោរពេញដោយការលើកទឹកចិត្ត ការចូលរួម និងភាពសប្បាយរីករាយ កសាងពិភពលោកដ៏អស្ចារ្យមួយសម្រាប់កុមារ អាចលូតលាស់ និងរីកចំរើន»។
លោកបានបន្តទៀតថា «បណ្តុះបំនិនជីវិត បំនិនវិជ្ជាជីវៈ បំនិនអាជិព រៀនរៀបចំខ្លួនបានល្អ រស់នៅចុះសំរុងក្នុងសង្គម រៀនរស់នៅដោយម្ចាស់ការ មានឥស្សរភាព មានទំនួលខុសត្រូវ និងថ្លៃថ្នូរ»។
នាឱកាសនេះដែរ លោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការតំណាង លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន កីឡា បានបន្ថែមថា អង្គការ អេដអេ អាក់ស្យុង បានរួមចំណែក យ៉ាងសកម្ម ក្នុងការជួយដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ជាពិសេសក៏ឧបត្ថម្ភគាំទ្រដល់ អប់រំកុមារតូច។
លោកស្រីបានបន្ថែមទៀតថា «តាមរយៈសម្ព័នភាពដើម្បីការអប់រំ សាលារៀននេះមិនបានរកផលកម្រៃ និងប្រាក់ចំណេញនោះទេ រាល់ប្រាកចំណេញទាំងអស់ត្រូវបានចំណាយទាំងអស់ លើសកម្មភាពរបស់គំម្រោង ជាពិសេសជួយដល់កុមារ និងយុវជន ដែលជួបការលំបាកនៅតាមសហគមន៍។ តាមរយៈសកម្មភាពនេះ បានផ្សារភ្ជាប់ទំនាក់ទំនងរវាងកុមារ នៅតាមសហគមន៍ជនបទ ទៅនឹងកុមារដែលកំពុងសិក្សានៅទីក្រុង បានធ្វើឱ្យពួកគាត់ចេះជួយគាំទ្រ និងរៀនរស់ជា មួយគ្នា»។
ជាងនេះទៅទៀត លោកស្រី ឃុន រចនា ក៏បានថ្លែងកោតសរសើរផងដែរ ចំពោះភាពជាដៃគូរបស់គម្រោងសម្ព័ន្តភាព ដើម្បីការអប់រំ ដែលបានជួយធ្វើឱ្យប្រសើនូវ ដល់ការអភិវឌ្ឍន៍ធនធានមនុស្សជាពិសេសផ្តោតលើធនធានកុមារតូច ប្រកបដោយគុណភាព និងបរិស្ថានប្រកបដោយសុវត្ថិភាព។ លោកស្រី បានបន្តថ្លែងអំណរគុណដល់ លោកគ្រូអ្នកគ្រូ ដែលបានចូលរួមបណ្តុះបណ្តាលសិស្សានុសិស្សក្នុងភាពជាដៃគូនេះយើងរួមចំណែកក្នុងការអភិវឌ្ឍដើម្បីសម្រេចបានជោគជ័យទស្សនវិស័យក្នុងផែនការជាតិលើការអភិវឌ្ឍកុមារតូច។
បន្ថែមពីនេះទៀត តំណាងអង្គការអេដ អេ អាក់ស្យុង និងសាលាអាយលីដអន្តរជាតិ បានផ្តល់សម្ភារៈរៀន និងបង្រៀន ដល់សាលាមត្តេយ្យសហគមន៍ចំនួន២៥ ក៏ដូចសំភារសម្រាប់បណ្ណាល័យឌីជីថលដល់សាលាទន្សាយ ដែលជាសាលាផ្តល់ការអប់រំដល់កុមារពិសេស ដែលមានពិការភាពសតិបញ្ញាផងដែរ៕