(ភ្នំពេញ)៖ នៅក្នុងថ្នាក់ដឹកនាំនាចុងសប្ដាហ៍នេះ FTC បានសិក្សាដល់ News Feature និង Feature Story ហើយ។ នៅក្នុងថ្នាក់សិក្សា លោក ម៉ារ យ៉ារិទ្ធ បានពន្យល់ពីភាពខុសគ្នារវាងប្រភេទអត្ថបទទាំង២នេះ ដោយក្នុងនោះ News Feature ឬយើងអាចហៅថា បទយកការណ៍ គឺជារឿងដែលសរសេរចេញពី Hot News story។

ប្រធានមជ្ឈមណ្ឌល FTC លោក ម៉ារ យ៉ារិទ្ធ បានឲ្យដឹងថា « News Feature គឺចាប់ផ្ដើមការសរសេរដោយប្រើ Delayed Lead។ ហើយ Delayed Lead ជារឿយៗត្រូវបានប្រើក្នុងអត្ថបទ News Feature ឬ Feature Story។ ប្រភេទអត្ថបទ News Feature ឬ Feature Story ក៏មិនមែនជាប្រភេទអត្ថបទដែលសរសេរពាក់ព័ន្ធនឹងព្រឹត្តិការណ៍ Developing ឬ Fast Breaking events នោះដែរ»

ជាការកត់សម្គាល់ Delayed Lead ឬតម្រុយលាក់ គឺជា Lead ដែលកើតក្នុងទិដ្ឋភាពណាមួយ ឬជាឈុតនៃការធ្វើឲ្យចាប់អារម្មណ៍របស់អ្នកអាន មានការរំភើបក្នុងព្រឹត្តិការណ៍អ្វីមួយ ឬជារឿងខ្លីណាមួយជាដើម។ យ៉ាងណាមិញដើម្បីសរសេរ News Feature មួយបានល្អ ត្រូវបាន លោក ម៉ារ យ៉ារិទ្ធ ពន្យល់ថា ត្រូវរៀបចំល្បះខ្លឹម និងសម្រង់ក្វូតរបស់ប្រភពឲ្យបានគ្រប់គ្រាន់មុនសិន នោះអត្ថបទ នៃបទយកការណ៍មួយនេះ ទើបបានល្អ និងគ្រប់ជ្រុងជ្រោយ។

សូមបញ្ជាក់ដែរថា លោក ម៉ារ យ៉ារិទ្ធ មានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះអ្នកកាសែតជើងចាស់ ដែលមានរហ័សនាមជា «អាត់ជួង» រូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។

លោក ម៉ារ យ៉ារិទ្ធ គឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក៕